(ភ្នំពេញ) នារសៀលថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបាន សូមសម្ដែងនូវការសោកស្ដាយជាទីបំផុត និងក្ដុកក្ដួលរំជួលចិត្តជាពុនពេក រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់ ឯកឧត្ដម នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ ឯកឧត្តមអភិបាលរាជធានី ព្រមរដ្ឋបាលរាជធានី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្ដម នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕