(ត្បូងឃ្មុំ) នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបិរស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ អំពិលតាពក និងក្រុមការងារចុះជួយឃុំអំពិលតាពក រួមជាមួយលោក អភិបាលស្រុកអូររាំងឪ លោកប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមដាក់បិណ្ឌចំនួន ០៣វត្ត និងអាស្រម ០១ តាមប្រពៃណី នៅឃុំអំពិលតាពក រួមមានវត្តអំពិលតាពក វត្តពោធិ៍មាស (បុសល្ហុង) អាស្រមធម្មរង្សី (ហៅភូមិអូដ្ឋ) និងវត្តស្វាយមីង ព្រមទាំងបានដាំដើមត្របែកព្រៃតាមដងផ្លូវក្នុងភូមិសាស្រ្តភូមិស្វាយមីងផងដែរ។
សូមរំលឹកថា ឯកឧត្តម អ៊ាង សុផល្លែតកន្លងមកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋានជាប្រចាំ និងបានចុះជួយពិនិត្យភ្នែក ចែកវ៉ែនតាអានអក្សរ ការពាភ្នែក ព្រមទាំងចែកជូនសៀវភៅកសិកម្ម និងទេយ្យទានមួយចំនួនជាប្រចាំជូនបងប្អូន លោកយាយ លោកតា។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខបងប្អូនលោកយាយលោកតា ព្រះសង្ឍពីគ្រប់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលលោកតែងគិតគូរអំពីសុខទុក្ខ និងវត្តអារាមពុំដែលភ្លេចឡើយ។
ម៉្យាងឯកឧត្តម អ៊ាង សុផល្លែត ជាបុគ្គលល្បីនៅលើបណ្តាញសង្គមហ្វេសបុក ដែលឯកឧត្តមបានចែកចាយព័ត៍មាន កសិកម្ម បរិស្ថាន ឱសថបុរាណខ្មែរ អក្សរសាស្ត្រខ្មែរ ព្រមទាំងបំនិតថ្មីៗ និងគតិអប់រំផងដែរ។ រហូតមកដល់ថ្ងៃនេះហ្វេសបុកផេកដែលទទួលស្គាល់ជាផ្លូវការរបស់គាត់ «អ៊ាង សុផល្លែត Sophalleth» មានចំនួនអ្នកចូលចិត្ត និងគាំទ្រជាង៤លាននាក់ឯណោះ។
តាមការបកស្រាយ ឯកឧត្តម អ៊ាង សុផល្លែតមានចំណូលចិត្ត និងខិតខំលើកស្ទួយផលិតផល និងស្នាដៃបុព្វបុរស កេរ្ត៍ដំណែល ជម្រុញ និងអភិវឍ្ឍប្រជាកសិករ យុវជន ឲ្យក្លាយជាទំពាំងល្អ ដើម្បីស្នង និងបម្រើប្រទេសជាតិទៅថ្ងៃក្រោយ។
ឯកឧត្តមក៍បានបញ្ជាក់ដែរថា សព្វថ្ងៃហ្វេសបុកផេក ឯកឧត្តម បានផុសផ្សព្វផ្សាយជូនប្រជាកសិករអ្នកផលិតផ្ទាល់ និងជួយរកទីផ្សារជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃ ហើយកន្លងមកឯកឧត្តមបានធ្វើរួចហើយ និងទទួលបានផលជាទីគាប់ប្រសើរ និងសសើរពីបងប្អូនប្រជាកសិករទូទៅ។ បងប្អូនអាចទំនាក់ទំនងក្រុមការងារឯកឧត្តមបាន ដោយឆាតផ្ទាល់ចូលហ្វេសបុកផេកជាការស្រេច៕