គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំពិភាក្សា និងអនុម័តតាមរបៀបវារៈចំនួន៥វារៈ

0
302

ភ្នំពេញ: នៅព្រឹកថ្ងៃ​អង្គារ​​ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​​ទី២២ ខែតុលា ឆ្នាំ​២​០១៩​ វេលា​ម៉ោង​​៩:០០នាទី គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភានៃព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ​ក្រោម​​​អធិប​តីភាព​ដ៏ខ្ព​ង់​ខ្ព​ស់ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល​ដូច​ខាង​​​​ក្រោម៖

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា​ណាចក្រ​កម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិ ស្តីពី​ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និង​ការអភិរក្ស​ផល​​ស្តុកត្រីផ្លាស់​ទី មធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈ​កម្មការ​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន​នៃរដ្ឋសភា ហើយ​ធ្វើ​រ​បា​​​យ​​​ការណ៍ ជូនគណៈ​-កម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា វិញ។

          អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព  ដល់​គណៈ​កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និង​កិច្ចការនារី​នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈ​កម្មាធិការ​អចិន្រ្តៃយ៍រដ្ឋ​សភា វិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា​បំពេញ​បន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់គណៈកម្មការមហាផ្ទៃ ការពារ ជាតិ និង​មុខងារសាធារណៈនៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយគណៈ​កម្មការ​កិច្ចការបរទេស ស​ហ​ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន​នៃរដ្ឋសភា និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌   នៃរដ្ឋសភា ហើ​យ​ធ្វើ​របា​យ​ការណ៍ជូនគណៈ​កម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភាវិញ។

អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នូវ៖

-១. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើ​ប្រាក់​ចំណូល។

-២.  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់​ច្រក​ទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូន​ទំនិញឆ្លងកាត់។

-៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​កិច្ចព្រម​ព្រៀងអាស៊ាន ស្តីពី​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

អង្គប្រជុំបានអនុម័តលើកម្មវិធីចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២០ ដើម្បីផ្ញើជូនរាជរដ្ឋាភិ​បាល ​ដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here