សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកយកហ៊ុនសំរាមស៊ីនទ្រីមកអោយរដ្ឋគ្រប់គ្រង

0
279

ភ្នំពេញ៖ កាលពីព្រឹកមិញថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើក្រុមហ៊ុនសំរាមស៊ីនទ្រី ថាជាក្រុមហ៊ុនគ្មានសមត្ថភាពប្រមូលនិងគ្រប់គ្រងសំរាមដែលដល់ពេលត្រូវរដ្ឋដកយកមកគ្រប់គ្រងវិញ ហើយបើកឱកាសដល់ក្រុមហ៊ុនផ្សេងៗដែលមានលទ្ធភាព និងសមត្ថភាពយ៉ាងហោចណាស់៤ ដើម្បីចូលរួមដេញថ្លៃវិនិយោគលើការងរប្រមូលនិងគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញអោយបានល្អ។

សម្តេចតេជោបានមានប្រសាន៍ថា រាល់ថ្ងៃឮតែពលរដ្ឋនិយាយនិងរអ៊ូតែពីក្រុមហ៊ុនសំរាមស៊ីនទ្រី គឺក្រុមហ៊ុននេះគ្មានសមត្ថភាពធ្វើការតទៅទៀតទេ។ សម្តេចតេជោ បានចុះហត្ថលេខាអោយប្រើប្រាស់ទីតាំង៣នៅក្រៅក្រុងថែមទៀតដើម្បីសម្រួលដល់ការប្រមូលនិងគ្រប់គ្រងសំរាម តែក្រុមហ៊ុននេះមិនធ្វើ។ សម្តេចតេជោបានបន្តថា តាមពិតក្រុមហ៊ុនស៊ីនទ្រីបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៅអំឡុងឆ្នាំ ១៩៩៦ឬ១៩៩៧ ដែលមកទល់ពេលនេះ គឺជាង២០ឆ្នាំហើយ។ ពេលនោះ ផ្ទៃដីទីក្រុងភ្នំពេញមានទំហំតែ ៣០០គមក្រឡា តែពេលនេះផ្ទៃដីក្រុងបានកើនឡើងរហូតដល់ ៦០០គមក្រឡា ដែលបានធ្វើអោយក្រុមហ៊ុនសំរាមស៊ីនទ្រីគ្មានសមត្ថភាពធ្វើ បានទុកសំរាមគរចោលដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងអនាម័យ សោភ័ណភាពទីក្រុង។ សម្តេចបានបញ្ជាក់ច្បាស់ថារដ្ឋាភិបាលនឹងដកយកក្រុមហ៊ុននេះមកគ្រប់គ្រងរួមទាំងបុគ្គលិក ហើយនឹងទូទាត់សងទៅក្រុមហ៊ុននូវអ្វីទាំងឡាយណាដែលក្រុមហ៊ុនបានចំណាយលុយទិញដូចជាឡានដឹកសំរាមជាដើម គឺមិនអោយក្រុមហ៊ុនខាតទេ។

ក្រោយពីដកយកមកគ្រប់គ្រងហើយ រាជរដ្ឋាភិបាលនឹងបើកឱកាសដល់ក្រុមហ៊ុនយ៉ាងហោចណាស់៤ រួមទាំងក្រុមហ៊ុនសំរាមស៊ីនទ្រីខ្លួនឯង ក៏មានសិទ្ធិដាក់ឯកសារដេញថ្លៃដែរ។ ក្រុមហ៊ុនមួយ មានសិទ្ធិដេញថ្លៃតែមួយតំបន់ទេ ។ រដ្ឋនឹងកំណត់បែងចែកជា ៤តំបន់ អោយក្រុមហ៊ុននីមួយៗគ្រប់គ្រងទៅតាមតំបន់របស់ខ្លួន។ ទន្ទឹមនឹងនេះ ក៏ហាមមិនអោយបញ្ចូលគ្នាជាសម្ព័ន្ធបានឡើយ។ ក្រោយពីការប្រមូលនិងគ្រប់គ្រងសំរាមបានហើយ សម្តេចតេជោក៏មានគម្រោងដើម្បីកែច្នៃសំរាមនេះអោយទៅជាអគ្គីសនីសម្រាប់យកមកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ទោះបីត្រូវចំណាយខ្ពស់បន្តិចក្តី គឺរាជរដ្ឋាភិបាលសុខចិត្តចូលរួមជាមួយក្រុមហ៊ុនអគ្គីសនីនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជាអោយក្រសួង និងស្ថាប័នពាក់ព័ន្ធចាប់ធ្វើកិច្ចការនេះអោយបានឆាប់បំផុត។ អរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់នូវព័ត៌មាន ក៏ដូចជាសំណូមពរ និងមតិយោបល់មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុងយើងអោយកាន់តែមានសោភ័ណភាពស្រស់ស្អាតល្អ អនាម័យខ្ពស់ និងបរិស្ថានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here