(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀននិង បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ នៅរសៀលថ្ងៃពុធ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីរបស់យើងជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវមើលពួកគាត់អោយបានគ្រប់ជ្រុងជ្រោយ ។ ជាក់ស្តែងដូចជាផ្ទះសំបែងជាដើម នៅខណ្ឌដូនពេញនេះមានសំណង់ចាស់ ៗ ច្រើន ដូច្នេះ ក្នុងនាមយើងជាអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ពួកគាត់ ដោយត្រូវរកមន្ត្រីជំនាញមកវាយតំលៃថាតើពួកគាត់អាចរស់នៅបន្តទៀតបានឬទេ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា គោលបំណងដែលឯកឧត្តម មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌដូនពេញនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋអោយរឹងរិតតែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម ឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌដូនពេញ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។
ឯកឧត្តមបញ្ជាក់ថា នៅលើពិភពលោកមិនមានប្រទេសណាធ្លាក់ដល់ចំណុចសូន្យដូច ប្រទេសកម្ពុជាយើងនោះទេ។ តែដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងបានធ្វើអោយប្រទសដ៏សែនអាក្រក់មួយនេះ បានងើបខ្លួនជាបណ្តើរៗ រហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ ។យុវជនត្រូវសិក្សារៀនសូត្រពីមនុស្សចាស់ រកចំណុចល្អៗពីមនុស្សចាស់ ដើម្បីយកមកអនុវត្តការងារអោយបានល្អប្រសើរ ។
តាមគំនិតរបស់ឯកឧត្តម គឺបណ្តុះបណ្តាលយុវជន និងមើលថែមនុស្សចាស់ ។ យុវជន និងមនុស្សចាស់ ត្រូវតែដើរទន្ទឹមគ្នា មានន័យថា បើអត់មនុស្សចាស់ ក្មេងក៏គ្មានឱកាសដែរ។មនុស្សចាស់ជាអ្នកតំរង់ទិសអោយក្មេង ទើបក្មេងអាចដើរខ្លួនឯង។
ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌដូនពេញក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម៕