ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជំនួបសម្ដែងការគួរសម និង សុំអនុសាសន៍គន្លឺះរបស់គណៈប្រតិភូវេទិកាបូអាវសម្រាប់អាស៊ី

0
284

នាថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឺទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តាមរយៈសំណើរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួបជួប និងពិភាក្សាការងារជាមួយ គណៈប្រតិភូវេទិកាបូអាវសម្រាប់អាស៊ី ដឹកនាំដោយឯកឧត្ដម លី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម លី បានវដុង និងគណៈប្រតិភូចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងល្អដ៏ស្អិតរមួតរវាងកម្ពុជា-ចិន ការគាំទ្រចំពោះនយោបាយចិនតែមួយ និងនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីងពីង ។ លើសពីនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី និងបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជានិ​ចំនួន​ទេសចរណ៍ចិន សម្រាប់ជាព័ត៌មានមូលដ្ឋានដល់គណៈប្រតិភូចិនផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីចិនឱ្យមកវិនិយោគទុនបន្ថែមទៀតនៅកម្ពុជា។

តាងនាមឱ្យគណៈប្រតិភូវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្ដម លី បានដុង បានបង្ហាញចំណាប់អារម្មណ៍ និងកោតស្ញប់ស្ញែងចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជានាយករដ្ឋមន្ត្រី ដែលនេះឆ្លុះបញ្ចាំងនូវអនាគតភ្លឺថ្លារបស់កម្ពុជា។ ឯកឧត្ដមក៏បានជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីអំពីវេទិកាបូអាវសម្រាប់អាស៊ី និងសមាសភាពគណៈប្រតិភូចិនដែលអមដំណើរ ដើម្បីស្វែងយល់ និងពិនិត្យមើលសក្តានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្ដម ក៏បានជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អំពីកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងវេទិកាបូអាវសម្រាប់អាស៊ី ក្នុងការរៀបចំ “វេទិកាបូអាវសម្រាប់អាស៊ី-សន្និសីទភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនាពេលរសៀលនេះផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដម និងគណៈប្រតិភូចិន បានថ្លែងអំណរគុណ និងគោរពជូនពរឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតំលៃជួបជាមួយឯកឧត្ដម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរឯកឧត្ដម លី បាវដុង និងគណៈប្រតិភូចិនទាំងអស់បានទទួលជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ និងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើមាតុនិវត្តន៍ទៅកាន់ប្រទេសចិនវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here