ក្រសួងរៀបចំដែនដី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងរៀបចំដែនដី

0
337

(ភ្នំពេញ) ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បា​នថ្លែងក្នុងអញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ប្រកាសស្ដីពីការអភិវឌ្ឍដី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីការពុះដីឡូត៍លក់យ៉ាងអនាធិបតេយ្យ និងមិនត្រឹត្រូវតាមច្បាប់ ពីក្រុមអ្នករកស៊ីអចលនទ្រព្យ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ទាំងឡាយ ដែលលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងរៀបចំដែនដី។

ឯកឧត្តម ប៉ែន សុផល បានថ្លែងថា ក្រសួងរៀបចំដែនដី បានអនុម័តប្រកាសការអភិវឌ្ឍដីនេះហើយ ហើយប្រកាសនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្ត បន្ទាប់ពីប្រកាសនេះ​ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូត៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំ។​ “នៅក្នុងប្រកាសហើយនឹងបទដ្ឋានគតិយុត្តិជាច្រើនទៀត របស់ក្រសួង ទីមួយវាជាបទដ្ឋានគតិយុត្ត ទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់ទាំងសាធារណៈ និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងករណី ដែលយើងមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម” លោកប៉ែន សុផល បញ្ជាក់បន្ថែមយ៉ាងនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ ឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថា ដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និងមិនមែនជាដី ដែលបានលក់រួចហើយ។ “អ៊ីចឹងហើយ បានជាក្រសួង សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាទូទៅច្បាប់ភូមិបាលបានកំណត់ច្បាស់លាស់។ ជាគោលការណ៍ច្បាប់ភូមិបាល បានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទីមួយមានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត នូវទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទីពីរ ការចុះបញ្ជីដាច់ដោយឡែក។

អ៊ីចឹងប្រជាពលរដ្ឋទាំងអស់ ត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់ ។ ជាទូទៅតាមច្បាប់ អ្នកដែលយកដីខ្លួន ទៅលក់ឲ្យអ្នកនេះ ហើយលក់ឲ្យអ្នកនោះទៀត ត្រូវមានទោស ទាំងច្បាប់ភូមិបាល ហើយនឹងក្រុមព្រហ្មទណ្ឌក៏មានចែងដែរ។ អ៊ីចឹង នេះជាការអនុវត្តតាមច្បាប់ អ្នកដែលទៅទិញត្រូវ មើលឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ទាំងអស់” នេះបើតាមប្រសាសន៍ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here