(ភ្នំពេញ) ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តី ពីការ រៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋាន ពាក់ព័ន្ធ ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅ ដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋ នៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។
នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្ត ការវិនិយោគសេវាកម្ម ទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថាន ធម្មជាតិ និងការរស់នៅរបស់ប្រជាពល រដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើក ឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការអនុវត្តការងារនៅ ក្នុង ឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះមាន សក្តានុពលស្រាប់ហើយដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះទៅជាតំបន់ដែលមានសក្តានុពល បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែរកំសាន្តដ៏មានប្រជាប្រិយភាព៕ ដោយ វុន សុខជា