នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា បានទទួលជួបប្រតិភូសមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជាចំនួន២៩នាក់នៅ ដើម្បីទទួលយកនូវអនុសាសន៏ល្អៗ សម្រប់ជាទុន ដ៏មានតម្លៃសម្រាប់យុវជនទាំងអស់មុនចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៏។
នាឱកាសនោះ លោកស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាបានជំរាបជូនសម្តេចចក្រីហេង សំរិន ថា នាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា-ជប៉ុននៅឆ្នាំនេះគឺជាលើកទី ៤៥ឆ្នាំ ២០១៨។ សមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ និងមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ ដូចជាក្រសួងអប់រំ យុវជននិងកីឡា។ នៅឆ្នាំ២០១៨នេះ សមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជា ជប៉ុន មានអ្នកដែលធ្លាប់ចូលរួមកម្មវិធីចំនួន៥៦៩នាក់។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធិផលនានាដែលសមាគមសម្រេចបាន ជាពិសេស ការរួមចំណែកលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការបណ្តុះបណ្តាលនូវធនធានយុវជន ដែលជាអ្នកបន្តវេននាពេលអនាគត។ទន្ទឹមនឹងនេះសម្តេចសង្ឃឹមថា ក្មួយៗនឹងបន្តពង្រឹង និងពង្រីកនូវភាព ជោគជ័យនេះឲ្យកាន់តែប្រសើរទៀត ជាពិសេស ការបន្តពង្រឹងនិងពង្រីកចំណង ទំនាក់ទំនង មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថាកម្មវិធីនាវាយុវជនលើកទី៤៥ នាឆ្នាំនេះ ជាកម្មវិធី មួយដ៏សំខាន់ ជាពិសេសសម្រាប់កម្ពុជាស្របពេល ដែលកម្ពុជាទើបតែបានរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី ចេញពីការបោះឆ្នោតសកលដោយសេរី ត្រឹមត្រូវ និងតម្លាភាព ដែលមានអ្នកចូលរួមបោះឆ្នោតរហូតដល់ជាង ៨០ ភាគរយ និងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២០គណបក្ស។ នេះសរបញ្ជាក់ ឲ្យឃើញពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពុហបក្ស នៅកម្ពុជា។
សម្តេចបានបន្តថា ក្មួយត្រូវដឹងថា លទ្ធិប្រជាធិបេតយ្យ មានគោលការណ៌គ្រឹះសំខាន់របស់វា ដែលក្នុងនោះកត្តាចំបងសំខាន់គឺការបោះឆ្នោតដោយសេរី ដោយមានការប្រកួតប្រជែងត្រឹមត្រូវ មានតម្លាភាព មានបរិយាកាសបើកទូលាយ និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោតតាមផ្លូវច្បាប់។ ក្មួយៗត្រូវចាំថាមិនមានប្រទេសណា ដែលមានប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ វាអាស្រ័យទៅស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ។ សូម្បីតែប្រទេសលោកខាងលិច ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យនោះក៏នៅមានបញ្ហា ដូចជាការរំលោភសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀតជាច្រើនដែរ។ អ្វីដែលសំខាន់ គឺយើងត្រូវរក្សាឲ្យខាងតែបាននូវតម្លៃនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋយើងឲ្យបានប្រសើរ និងសុខដុមរម្យនា នាពេលអនាគត។
សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាបានបញ្ចាក់ទៀតថាការចូលរួមព្រឹត្តិការបែបនេះ ជាឱកាសដ៏សំខាន់ និង កម្រ ដែលក្មួយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។ក្នុងន័យនេះ សម្តេចបានផ្តល់នូវដំបូន្មានមួយចំនួនដល់ ប្រតិភូសមាគមនាវា
យុវជនអាស៊ីអគ្នេយ៌កម្ពុជាគឺក្មួយៗត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់ពីប្រវត្តិ សាស្រ្តប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបក ស្រាយបា្រប់យុវជនរួមដំណើរ។ ត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូរទៅទាក់ទងនឹងស្ថាប័នតំបន់និង អន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ក្នុងនោះ ដូចជាអាស៊ាន, អន្តរសភាអាស៊ាន(អាយប៉ា) និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទំាងអត្ថប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការទំាងនោះសម្រាប់ កម្ពុជា។
ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុច ល្អៗយកអភិវឌ្ឍប្រទេសរបស់ខ្លួន។
ត្រូវចេះស្រលាញ់គ្នាឲ្យដូចជាបងប្អូន ដោយ ត្រូវធ្វើសហការគ្នាធ្វើការងារជាក្រុម និងចេះជួយធុរៈគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ដូចពាក្យខ្មែរមួយឃ្លាពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។ ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាម លើកកម្ពស់វប្បធម៌ ទេសចរណ៌ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត ។ត្រូវចេះផ្សព្វផ្សាយ អូសទាញ និងកៀងគរអ្នកទេសចរណ៌ និងអ្នកវិនិយោគមកកាន់ប្រទេសយើងឲ្យកាន់តែច្រើនថែមទៀត។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានជូនពរដល់ក្មួយៗទាំងអស់មានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សប្បាយ និងមានសុវត្ថិភាព ព្រមទាំងសម្រេចបាននូវលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។
ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ថវិកាជូនក្មួយៗ ក្នុងការប្រើប្រាស់និងដោះស្រាយបន្ទុកខ្លះៗ ដោយម្នាក់ទទួលបាន ៤០ ម៉ឺនរៀល និងថវិកាចំនួន ៤លានរៀល សម្រាប់បម្រើការក្នុងសមាគម៕ ដោយ វុន សុខជា