(ភ្នំពេញ) ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចខាងជើងផ្សារនាគមាស ទល់មុខផ្ទះសំណាក់ A5 លើផ្លូវ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារចំនួន៣គ្រាប់ ទៅលើបុរសម្នាក់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
តាមការរាយការណ៍សម្ថតកិច្ចឲ្យដឹងថា ព័ត៌មានបឋមដែលយើងទទួលបាន គឺបុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យដេកផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុនៅឡើយទេ។ ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះធ្វើកោសល្យវិច័យ ហើយរកឃើញសម្បកគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ។
យ៉ាងណា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីករណីបាញ់សម្លាប់មនុស្សខាងលើឡើយ ដោយបានត្រឹមតែអះអាងយ៉ាងខ្លីថា រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន។ រហូតមកទល់ម៉ោងជាង៧៖៣០នាទីព្រឹកនេះ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះយកទៅរក្សាទុក និងបើកការស្រាវជ្រាវភ្លាមៗផងដែរ៕