(ភ្នំពេញ) រដ្ឋមន្ត្រីក្រសួងព័ត៍មានឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកនិវត្តន៍ជន ថាជាបុគ្គលគ្រួសារតែមួយ ដោយបងប្អូនបានចូលរួមបំរើការងារ តាំងពីគ្រាដ៏លំបាកលំបិនក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍បែបនេះ កាលពីព្រឹកសៅរ៍ទី២២កញ្ញានេះ ខណៈដែលលោកនិងលោកស្រីអញ្ជើញជួប សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវតុ្តន៍ជន ដែលជាអតីតមន្ត្រីបំរើការនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៍មានចំនួន ៣៧៦នាក់នៅទីស្តីការក្រសួង។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តថា អស់លោក លោកស្រីខ្លះបានចូលរួមបំរើការងារ តាំងពីគ្រាដ៏លំបាកលំបិនក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ អស់លោក លោកស្រី ពិតជាបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ប្រទេសជាតិនៅក្នុងវិស័យព័ត៍មាន ដែលលោក លោកស្រីទាំងអស់មិនត្រូវបានបំភ្លេចចោលសោះឡើយ។
ក្នុងឱកាសនេះលោករដ្ឋមន្ត្រីក្រសួងព័ត៍មានបានសុំឲ្យមន្ត្រីវ័យក្មេង ដែលកំពុងបំរើការនៅក្របខ័ណ្ឌក្រសួងព័ត៍មានទាំងអស់ សុំការចែករំលែកបទពិសោធន៍ការងារពីមន្ត្រីចូលនិវត្តន៍ ដែលយើងអាចហៅពួកគាត់ថាជាអ្នកជើងចាស់នៅក្នុងវិស័យព័ត៍មាន ដើម្បីឲ្យការបំពេញការងារ ប្រចាំថ្ងៃរបស់យើងទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី និងលោកជំទាវក៏បានផ្តល់ជូននូវអំណោយ លើកទឹកចិត្ត ដល់និវត្តន៍ជនទាំង ៣៧៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល អង្ករ និងសម្ភារៈមួយចំនួន ព្រមទាំងបានអញ្ជើញពួកគាត់ទទួលទានអាហារសាមគ្គីមួយពេលផងដែរ៕