(ព្រះសីហនុ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំស្តីពីការរៀបចំការរដ្ឋានសាងសង់សំណង់អគារគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ដូចខាងក្រោម៖
១-ធ្វើរបងហ៊ុំព័ទ្ធការរដ្ឋានសំណង់កម្ពស់យ៉ាងតិច ២ (ពីរ ម៉ែត្រ ពីនីរ៉ូ ០ (សូន្យ) នៃគម្រោង ដែលក្នុងនេះត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច ៨០ (ប៉ែតសិប) សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់ រឹងនិងរាវ ហៀរចេញពីការរដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថានសាធារណៈ ។
២- រក្សាទុកចញ្ចើមផ្លូវឲ្យបានទូលាយយ៉ាងតិចស្មើនឹងពីរភាគបីនៃប្រវែងទទឹងចិញ្ចើមផ្លូវ សម្រាប់ឲ្យ អ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
៣- រៀបចំទុកដាក់សំភារៈសំណង់ គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករ ក្នុងបរិវេណរបងហ៊ុំព័ទ្ធការរដ្ឋានសាងសង់ ៕