(ភ្នំពេញ )ណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ ចំពោះក្រុមហ៊ុនខ្មែដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកជំទាវឧកញ៉ា ជឹង សុភាព ហៅ យាយភូ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរា់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។
គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ បានអះអាងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ គឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ ដែលមានលោកស្រីឧកញ៉ាម្នាក់ក៏មានឥទ្ធិពល គឺយាយភូ។
មហាជនរង់ចាំមើលតើ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកថោង ខុន មានវិធានការ បែបណា ចំពោះក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅ យាយ ភូ ឬមួយគ្រាន់តែ ជាការគំរាមតែប៉ុណ្ណោះ ព្រោះ យាយ ភូ ក៏មិនមែនជាមនុស្សធម្មដែរ ហើយជាមនុស្សម្នាក់ស្និទ្ធនឹងអ្នកមានអំណាចមួយចំនួនដែរ។
ក្រោយពី មានប្រតិកម្ម នៅលើបណ្តាញ សង្គមហ្វេកប៊ុក ជុំវិញ ករណី ដង្ខៅដីបឹងកក់ ដែលគេស្គាល់ថា យាយ ភូ ចាក់ដី លុប ឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ លោក William Guang ដែលជាប្រធានគណបក្សខ្មែរក្រោក និងជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្នើនឹងទេសរដ្ឋមន្ត្រីនោះ នឹងចុះសិក្សាការចាក់ដីលើសមុទ្រ ខុសច្បាប់ នៅក្រុងព្រះសីហនុ តំបន់ព្រែកត្រែង។
លោក William Guang បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកថា “នាថ្ងៃអង្គារ ទី១៨ ខែកញ្ញា ខាងមុខនេះ ក្រុមការងារយើងខ្ញុំ និងចុះសិស្សាស្រាវជ្រាវលម្អិតរកអំពើឃុបឃិត ឬតម្រុយពុករលួយណាមួយ របស់អាជ្ញាធរពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យជំទាវម្នាក់ ដែលមានប្ដីជាសមាជិកព្រឹទ្ធសភា ចាក់ដីក្រហម រំលោភច្បាប់ អនុក្រឹត្យលេខ ០១ សរណន ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា។
សូមឯកឧត្តម យន្ត មីន មេត្តាពិនិត្យមើលអនុក្រឹត្យ និង រាល់បទដ្ឋានគតិយុត្ត ឲ្យបានគ្រប់ជ្រុងជ្រោយ មុនអនុម័តលើអាជ្ញាប័ណ្ណវិនិយោគ ឬធ្វើសេចក្តីថ្លៃងការ ឬផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការចាក់ដីលុបសមុទ្រនេះ ជាការអភិវឌ្ឍន៍ស្របច្បាប់ ទង្វើរបស់ពួកអស់លោកបានចូលរួម បំផ្លាញជាតិ បំផ្លាញទ្រព្យសម្បត្តិរបស់រួម បំពុលសង្គមតាមរយៈ បំផ្លាញផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ដ៏អាត្មានិយម ពុករលួយគ្មានអៀនខ្មាស ដែលមិនសក្តិសមជាមន្ត្រី ដែលត្រូវបានប្រជាពលរដ្ឋគោរព និងទុកចិត្តនោះទេ។ យើងចាត់ទុកថា នេះជាការលោភច្បាប់ជាប្រព័ន្ធ និងធ្វើសេចក្ដីថ្លែងការណ៍ ការពារការរំលោភច្បាប់ទៀតផង”៕ ប្រភពCEN