រឿងប្រលោមលោកខ្នាតខ្លីពីជិវិតការរវើរវាយរបស់ស្រីមេម៉ាយម្នាក់ “ភាគទី១”

0
986

នាងគឺជាស្រីម្នាក់ដែលមានមុខមាត់ស្រស់ស្អាត ប៉ុន្តែខ្ញុំមើលឃើញនូវស្នាមញញឹមបែរជាសោះកក្រោះ បង្កប់ក្នុងកែវនេត្រាដ៏ស្រងូតស្រងាត់នូវទុក្ខកង្វល់ជាច្រើនដែលនាងខំលាក់បាំង ហើយនាងខិតខំបង្ហាញថា នាងរឹងមាំណាស់ …ហើយវាមិនមានបញ្ហាអ្វីក្នុងជីវិតរបស់នាងឡើយ។

ខ្ញុំផ្ចិតផ្ចង់អារម្មណ៍ត្រងត្រាប់ស្ដាប់សម្ដីរបស់នាងដែលនិយាយដោយសំឡេងស្រួយស្រែស ហាក់ដូចជាចង់បង្ហាញប្រាប់ថា ដំណើរជីវិតរបស់នាងរៀបរយល្អណាស់ ផ្ទុយទៅវិញ ក្រោយសំឡេងនោះ ខ្ញុំបែរជាឮនូវសំឡេងច្រវាក់នៃខ្នោះឃ្នាងដែលភ្ជាប់នឹងដៃជើងរបស់នាង អូសលើកម្រាលឥដ្ឋ លាន់ច្រាកៗ ស្ទើរសង្កៀរត្រចៀកទៅវិញ..

នាងរស់នៅក្នុងបន្ទប់នៃផ្ទះដ៏តូចចង្អៀតមួយ តែបើយើងហៅថា “ប្រអប់” ដូចជាត្រឹមត្រូវជាង។ ជីវិតរបស់នាងហាក់បីស្ថិតក្នុងសភាពទុគ៌តប្រកបដោយទុក្ខ ដោយហេតុថា នាងបានប្រគល់ខ្សែជីវិតរបស់នាងឲ្យទៅបុរសម្នាក់ដែលឥតមានសតិសម្បជញៈ… ឥតមានឧត្តមគតិនិងមនសិកា… ឥតមានបេះដូង… គ្រប់គ្រងថែរក្សា។

តាមពិត នៅពីក្រោយស្នាមញញឹម… នៅពីក្រោយសំឡេងដ៏ស្រួយស្រែស… នៅពីក្រោយកាយវិការដ៏ស្វាហាប់ ខ្ញុំបានឃើញនូវកូនសោមួយ ដែលនាងអាចយកមកចាក់ដោះច្រវាក់ខ្នោះឃ្នាងបាន… តែហេតុម្ដេចបានជានាងមិនចាក់ដោះវត្ថុដ៏សែនចង្រៃនោះចោល?

ពិតប្រាកដណាស់ នាងបានបាត់បង់អ្វីៗសព្វបែបយ៉ាងទៅហើយ… នាងបានបោះបង់នូវអាជីពដែលនាងស្រឡាញ់ចូលចិត្ត ដើម្បីផ្គាប់ចិត្តបុរសម្នាក់… នាងបានបោះបង់ចោលនូវចំណេះវិជ្ជាដែលនាងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខមួយប្រចាំមហាវិទ្យាល័យ ដើម្បីគ្រួសារដ៏តូចមួយ… អ្វីដែលសំខាន់នោះ គឺនាងបាត់បង់ខ្លួននាងផ្ទាល់តែម្ដង… រហូតដល់ថ្នាក់នាងលែងដឹងថា ខ្លួនជាអ្វី… ខ្លួនត្រូវធ្វើអ្វីដើម្បីស្ដារឲ្យបាននូវស្ថានការណ៍ដ៏អណោចអធ័មនេះឲ្យផុតចាកពីអន្លង់កម្មនេះ…

តើត្រូវធ្វើដូចម្ដេចទើបនាងភ្ញាក់ចេញពីសុបិនដ៏អាក្រក់នេះបាន? សេចក្ដីសោកសៅនិងទុក្ខកង្វល់បានធ្វើឲ្យខួរក្បាលដ៏រវៀសរវៃនិងភ្លឺស្វាងប្រែជាស្ទក់និងអាប់ប្រាជ្ញាទៅហើយ។

នាងធ្លាប់នៅនឹកឃើញនូវសម្រស់ដ៏ស្អាតផូរផង់ដែលធម្មជាតិបានដាក់ទានដល់រូបនាង ក៏ប៉ុន្តែអំពើដ៏សាហាវឃោរឃៅនិងយង់ឃ្នងរបស់បុរសម្នាក់ បានរុញច្រាននាងឲ្យធ្លាក់ក្នុងសមុទ្រនៃក្ដីអស់សង្ឃឹម… វាធ្វើឲ្យនាងលែងយកចិត្តទុកដាក់ថែទាំប្រាណ… បណ្ដោយឲ្យវារសាត់ទៅតាមពេលវេលាដែលកន្លងទៅ… ហើយអ្វីដែលនាងនៅចងចាំ និងគិតដល់នោះ គឺមានតែកូនប្រុសតែម្នាក់គត់របស់នា់ងតែប៉ុណ្ណោះ…    ” នៅមានត”

ប្រភពFB Bo Tuth

ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here