អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងចាត់វិធានការដោះស្រាយបណ្តោះអាសន្នចំពោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ

0
318

(ភ្នំពេញ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨នេះ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានដឹកនាំអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពលូ ប្រឡាយជាក់ស្តែង ដើម្បីរិះរកវិធីសាស្ត្រ រំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន ពោលគឺមិនអោយទឹកលិចភូមិដ្ឋានប្រជាពលរដ្ឋនៅត្រាំត្រែងនោះទេ ស្របពេលដែលជំនន់ទឹកភ្លៀងបាននឹងកំពង់ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍អោយដឹងថា ការងារប្រឡាយ លូ នៅតំបន់នេះយើងបានខិតខំប្រឹងប្រែងណាស់ ដោយយើងបាន គិតគូរយូមកហើយ រហូតបើកកាដ្ឋានស្ថាបនាលូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ រួមនិងការជីកប្រឡាយទំលាក់ទៅប្រឡាយសាក់សំពៅផងដែរ ដើម្បីរំដោះទឹកនៅតំបន់នេះ តែយើងធ្វើមិនទាន់ហើយ ហើយគាប់ជូនភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា មានបរិមាណទឹកភ្លៀងឡើងដល់៩៣,៦៤មីលីម៉ែត្រ ម្យ៉ាងមានការចាក់ដីបំពេញ ដើម្បីអភិវឌ្ឍន៍ផងនោះ ទើបធ្វើអោយតំបន់នេះលិចលង់តែម្តង។ ប៉ុ ន្តែទោះបីជាយ៉ាងណាក្តី ការងារចំពោះមុខនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងត្រូវតែសម្រុកធ្វើ សំខាន់រំដោះទឹកដែលលិចចេញពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ ។ ឯកឧត្តមថា មិនមែន យើងមិនធ្វើទេ គឺយើងបាននឹងកំពុងធ្វើហើយ ប៉ុន្តែយើងធ្វើមិនទាន់ តែ ក្រោយពីការដ្ឋានរបស់យើងបានបញ្ចប់ នោះតំបន់នេះវានឹងលែងទទួលការលិចលង់ដូច្នេះទៀតហើយ។

ឯកឧត្តមកបន្តថា ចំពោះការដោះស្រាយការលិច លង់នេះ រដ្ឋបាលរាជធានីភ្នំពេញបានគិតគូរហើយ និងបានកំពុងធ្វើសកម្មភាពផងដែរ ពិសេសការដោះស្រាយនៅតំបន់សាលាក្តីខ្មែរ ក្រហម ហូរមកប្រឡាយសាក់សំពៅ ទៅបឹងកប់ស្រូវ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់អោយដឹងថា ដើម្បីដោះស្រាយបញ្ហាលិចលង់នេះ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានដាក់លូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ មានប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ ចាប់ពីវត្តអង្គជុំ ដល់ផ្លូវ២០១១ ដែលអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ  ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនារួចនិងមានកម្លាំងបូមខ្លាំងជាងមុន ។ លោកបន្តថា ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននឹងកំពុងជីប្រឡាយពីវត្តជុំ ទៅប្រឡាយសាក់សំពៅផងដែរ ដោយមកដល់ពេលនេះ ក្រុមការងារជីកបាន១៣០០ម៉ែត្រហើយ គឺនៅសល់តែ៥០០ម៉ែត្រទៀតប៉ុណ្ណោះ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្រោយការភ្ជាប់លូផ្លូវ១៩៦២ និងការបញ្ចប់ការជីកប្រឡាយវត្តជុំ ទៅប្រឡាយសាក់សំពៅ រួចរាល់នោះ នឹងធ្វើអោយតំបន់សហគមន៍អណ្តូង និងផ្ទះប្រជាពលរដ្ឋនៅតំបន់ជិតៗគ្នានេះលែងលិចលង់ទៀតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here