(ភ្នំពេញ) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យមន្ទីរដែនដី២៥រាជធានី-ខេត្ត ត្រូវការពារដីសម្បទានសង្គមកិច្ចឲ្យបានប្រសិនបើមានអ្នករំលោភយក មិនត្រូវចុះបញ្ជីឲ្យជាដាច់ខាត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ការថ្លែងបែបនេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលបច្ចេកទេសវាស់វែង ដោយឧបករណ៍ទំនើប នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីគោលដៅនៃការរៀបចំលំនៅស្ថាន ដែលមានតម្លៃសមរម្យ នេះជាគោលដៅចម្បងរបស់ក្រសួង របស់យើងទាំងអស់គ្នា មន្ទីររាជធានី និងខេត្ត។ ខេត្តយើងមានដីសម្បទានសង្គមកិច្ច… សូមគ្រប់គ្រងដីដែលជាគោលដៅ សម្រាប់សង្គមកិច្ចនេះឲ្យបាន កុំឲ្យមានការរំលោភបំពាន ហើយបើគេរំលោភ និងចូលកាន់កាប់ កុំចុះបញ្ជីឲ្យដាច់ខាត»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ប្រសិនបើយើងបណ្តោយគេចាប់រំលោភយកអស់ដីធ្លីនេះ ហើយយើងនៅសល់ដៃទរទេ ឯដីគេយកបាត់។ នេះជាគោលដៅ ដែលយើងចង់ធ្វើ អញ្ចឹងតាមខេត្ត ដែលយើងមានដីសម្រាប់មុខសញ្ញាសង្គមកិច្ចនេះ សូមឲ្យចាប់អារម្មណ៍»។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចំពោះដីដែលមានសភាពលក្ខណៈគ្រប់គ្រាន់ ដែលបានគ្រប់គ្រងជំហានដំបូង រៀបចំរួចរាល់ហើយនោះ លោកសូមស្នើឲ្យមានការពិនិត្យ និងអាចពិភាក្សាលើកយោបល់ ជាមួយនឹងថ្នាក់ខេត្ត ៕