ប្រវត្តិ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

0
934

ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយះពេល ៣ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។

ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។

ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

ក្នុងពិធីនេះ ក៏មានការបណ្តែតប្រទីបផងដែរ។ អត្ថន័យនៃការបណ្តែតប្រទីបនេះ គឺដើម្បី សម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។

ឈានដល់ថ្ងៃទី២ គឺថ្ងៃ១៥ ខែកក្តិក នឹងមានពិធីមួយទៀត ហៅថាពិធីអកអំបុក សំពះព្រះខែ។ ពិធីអកអំបុក និងសំពះព្រះខែនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។

បើតាមជំនឿរបស់ដូនតាខ្មែរ ប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង (ការក្លាយជាព្រះពុទ្ធ)។ គ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទន្សាយនោះ ហើយក៏ពោលពាក្យឡើងថា៖ «ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ»។ ពេលនោះឯង ទន្សាយជាតួអង្គព្រះពោធិសត្វនៃយើង បានពោលវាចាតបយ៉ាងនេះថា៖ «ខ្ញុំមានតែសាច់ និងឈាមប៉ុណ្ណោះ បើអ្នកចង់បាន ចូរអ្នករកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។

គ្រាន់តែឮដូច្នេះ ព្រះឥន្ទ្រក៏ទៅបង្កាត់ភ្លើងភ្លាម។ ចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមៗតែម្តងដោយមិនបង្អង់យូរ ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា និងការបរិច្ចាគដ៏អស្ចារ្យរបស់ទន្សាយ ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ លំដាប់នោះ ព្រះឥន្ទ្រក៏ហោះទៅកាន់ស្ថានសួគ៌ ដើម្បីយកថ្មកែវមនោសិលា ទៅគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ដែលជាហេតុនាំឲ្យមានរូបទន្សាយជាប់ក្នុងរង្វង់ព្រះចន្ទ តាំងពីកាលនោះរហូតមក ហើយមនុស្សគ្រប់រូបក៏មើលឃើញរូបទន្សាយច្បាស់ នៅថ្ងៃ១៥កើត ពេញបូណ៌មី។

រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដោយសារតែមានជំនឿបែបនេះឯង៕

ប្រភព៖ គេហទំព័រទ្រឹស្តីពុទ្ធចក្រ កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here