(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខជិតស្នងការដ្ឋាននគរបាលក្រុង តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងតែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែដួលម៉ូតូ បណ្ដាលឲ្យបុរសរូបនោះ បោកក្បាលទៅហ្នឹងថ្នល់ពេញទំហឹង ទាំងមួកការពារសុវត្ថិភាពក៏ពាក់មិនជាប់ ធ្វើឲ្យបែកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្ដង។
ជនរងគ្រោះឈ្មោះ សេង ខេមរិទ្ធ មុខរបរអ្នកយកព័ត៌មាន បម្រើការឲ្យអង្គភាពកាសែតអំណាចរាស្ត្រ មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមធ្យោបាយធ្វើដំណើរម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-0423។ សមត្ថកិច្ចពិនិត្យ រួចយកសពទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕ប្រភពFB