(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន ជំរុញអោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ
ផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋអោយបានលឿននិងទាន់ពេលវេលា សម្រាប់អាណត្តិទី៦របស់រដ្ឋាភិបាលថ្មី នេះ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាលថ្មីនេះ រហូតដល់១២៥កៅអី។
ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្តល់សេវាជូនប្រជាពលរដ្ឋដែលរស់នៅក្នុង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ កញ្ញា២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថកិច្ចប៉ូលីសមូលដ្ឋានទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ៤០០នាក់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដើម្បីអោយប្រជាប្រជាពលរដ្ឋគាំទ្រយើង យើងត្រូវធ្វើអីខ្លះជូនពួកគាត់ មានទាំង ប៉ូលីស ម៉េអ៊ឹម ខណ្ឌ សង្កាត់ មានន័យថា យើងត្រូវបំរើពួកគាត់ទៅតាមតួនាទី ដែលយើងជួយគាត់បាន ។ លោកបញ្ជាក់ថា ការផ្តល់សេវាយឺតយ៉ាវ ត្រូវតែបញ្ចប់ ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋ ។ ក្នុងនាមយើងជាអ្នកបំរើ ត្រូវបំរើរាស្រ្តអោយរាស្ត្រពេញចិត្ត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរផ្ទូរអចលនទ្រព្យជាដើម ត្រូវតែផ្តល់ជូននិងជួយសម្រួលអោយពួកគាត់បានលឿននិងទាន់ពេល ។
ឯកឧត្តមបន្តថា ការលើកលែងការបង់ព័ន្ធប្រថាប់ត្រា ច្រើនដងមកនៅតែម្តងនេះ វាបានដល់ណាហើយ ហើយពួកគាត់បានធ្វើហើយឬនៅ បើដឹងថានៅ ត្រូវប្រាប់គាត់និងសម្រួលការងារនេះជូនគាត់ ព្រោះថា
នៅថ្ងៃទី៣១ ធ្នូ ២០១៨ខាងមុខនេះ វានឹងហួសការកំណត់នៃការលើកលែងការបង់ពន្ធនេះហើយ ។ បើយើងបំរើចំគោលដៅ ដែលពួកគាត់ចង់បាន នោះគាត់លេងនិយាយអាក្រក់ពីយើងហើយ។
លោកសារិន វណ្ណា ប្រធានមន្ទីរដែនដី រាជធានីភ្នំពេញបានមានប្រសាសន៍អោយដឹងថា មន្ទីរដែនដី បានធ្វើការ គ្រប់វិស័យ ជាការងារអន្តរវិស័យ ដោយយើងជាអ្នកបំរើប្រជាពលរដ្ឋត្រូវបំរើប្រជាពលរដ្ឋហើយ ។
លោកបានបញ្ជាក់ផងដែរថា មុននិងក្រោយ ការបោះឆ្នោត យើងបានធ្វើការងារជាច្រើនដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះបានផ្តល់ជូនបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ១២៣៧ក្បាលដីហើយ ដែលធ្វើអោយប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកំរិតទៀប ទៅជាប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកំរិតខ្ពស់។ នេះក៏ជាចំណុចល្អមួយដែរ ដែលធ្វើអោយប្រជាពលរដ្ឋបោះឆ្នោតជូនរហូតដល់បាន១២៥កៅកី ។
លោកបន្តទៀតថា ក្នុងចំណោមបុរីទាំង១៨៩បុរីនៅក្នុងរាជធានីពេញ មន្ទីរបានជម្រុញអោយធ្វើបណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ មួយចំនួនទៀតនៅមិនទាន់ធ្វើ ដូច្នេះយើងត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងបង្កើតប្រាក់ចំណូលពន្ធចូលរដ្ឋផងដែរ។
លោកសារិន វណ្ណា ក៏បានជំរុញឲ្យខណ្ឌទាំងអស់ កំណត់ដែនដីរបស់ខ្លួនគ្រប់គ្រងអោយបានច្បាស់លាស់ រវាងដីរបស់រដ្ឋនិងដីឯកជនជៀសវាង ការធ្វើប្លង់រួចហើយនៅតែខុស៕