(ភ្នំពេញ) ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើម បានមេដាយមាស ២ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុង ហ្សាកាតា ដោយគ្រោងនឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥និង៣៥នាទី ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមទទួល ស្វាគមន៍ និងជួបសំណេះសំណាល ភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី កម្ពុជា ដែល បានខិតខំដណ្ដើម ជោគជ័យ ជាប្រវត្តិសាស្ដ្រជូនជាតិពីព្រឹត្តិការណ៍ កីឡាដ៏ធំនេះ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ កញ្ញា បានឲ្យដឹងថា “ដំណើរនិវត្តន៍អមដោយ សមិទ្ធិផលបំបែក ឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍ យ៉ាងពិសេស តាមអនុសាសន៍ដ៏ខ្ពងខ្ពស់ របស់សម្ដេចតេជោ ដោយមានក្បួនដង្ហែររថយន្ដ អមដោយ ម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសម្យជាមួយ សម្ដេចតេជោនាយក រដ្ឋមន្ដ្រី ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជា ច្រើនក៏ត្រៀមទទួល ស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ”។
សម្ដេចបន្ដថា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ ពិសេសពលរដ្ឋរស់ នៅតាមមហាវិថី សហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរត្រៀមចូលរួម អបអរសាទរ ឲ្យបានច្រើនកុះករក្បួនដង្ហែរខាងលើ ដើម្បីជាការលើក ទឹកចិត្តចំពោះ ការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយ មាស២ និងសំរឹទ្ធ១ជូនជាតិ ដែលជាសមិទ្ធិផល ជាប្រវត្តិសាស្ដ្រសម្រាប់ ប្រទេសកម្ពុជាដែលដណ្ដើម បានមេដាយមាស២គ្រឿង ក្នុងមួយឆ្នាំ បន្ទាប់ពីបាន ចូលរួមក្នុង ព្រឹត្តិការណ៍នេះ បើគិតតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៨៕