(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ដាក់បញ្ជាឲ្យប៉ូលីសប៉ុស្តិ៏រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌ ទាំង១២ ត្រូវមានអ្នកប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដូចសាលាសង្កាត់ដែរ ដើម្បី រង់ចាំទទួលពាក្យបណ្តឹង និងអន្តរាគមន៏បានទាន់ពេល ជុំវិញបញ្ហាសន្តិសុខ និងបំរើការងារ ជូនប្រជាពលរដ្ឋនៅពេលបងប្អូនត្រូវការ និងមានការបន្ទាន់។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏លើកឡើង ក្នុងសន្និបាតបូលសរុប ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២៧ សីហា នៅសាលារាជធានីថា ជុំវិញបញ្ហាប្រជាពលរដ្ឋ មកប៉ុស្តិ័ដាក់ពាក្យបណ្តឹង ប៉ូលីសឆ្លើយថា រឿងតូចតាចមិនចាំបាត់ប្តឹងនោះឡើយ ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។ដូច្នេះដើម្បី បញ្ជៀសបានពីការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋបន្តទៀតនោះ ប៉ូលីសប៉ុស្តិ៏រដ្ឋបាល លោក អធិការខណ្ឌ ត្រូវដាក់វេនប្រចាំការឲ្យបានជាប់ជាប្រចាំ សម្រាប់ទទួល បណ្តឹង និងអន្តរាគមន៏បានទាន់ពេល ជុំវិញបញ្ហាសន្តិសុខជូនពួកគាត់។ ឯកឧត្តម អភិបាលបញ្ជាក់ថា ការ ដាក់បទបញ្ជានេះ ប៉ូលីសប៉ុស្តិ៏រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌទាំង១២ ត្រូវបើកយុទ្ធនាការ តម្រូវឲ្យមានអ្នកប្រចាំការ ទាំងមន្ត្រីសង្កាត់ ក៏ដូចប៉ូលីសសង្កាត់ ពិសេស ចៅសង្កាត់ជាមេ របស់ប៉ូលីស ដែលមានភារៈកិច្ចត្រួតពិនិត្យលើបញ្ហានេះ ថាតើ ប៉ូលីសប៉ុស្តិ៏អនុវត្តតាមខ្លួនឬអត់។
នេះជាបញ្ហាសំខាន់ណាស់ ដែលអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនិងរៀបចំការងារនេះ ដំណើរ ការនេះត្រូវតែ និរន្តភាពការងារ កិច្ចការងារបំរើប្រជាពលរដ្ឋក្នុងនាមអាជ្ញាធរមូលដ្ឋាន។ពាក្យថាអាជ្ញាធរ មូលដ្ឋានមានកងកម្លាំងប្រដាបើអាវុធទាំងពីរប្រភេទនៅក្នុងនិងហើយស្រាប់ ត្រូវខិតខមប្រឹងប្រែងបញ្ហា នេះឲ្យបានល្អប្រសើរ បើមិនដូច្នេះ យើងនឹងទទួលពិន័យ។កិច្ចការងារនេះ ខ្ញុំជឿជាក់ថា មិនជាធ្ងន់ស្រាលអីសម្រាប់យើង ដែលធ្លាប់បានអនុវត្តហើយទេ។
ឯកឧត្តម អភិបាល បានបញ្ជាក់ទៀតថា ជុំវិញបញ្ហាសន្តិសុខ និងបំរើការងារជូនប្រជាពលរដ្ឋនៅពេលពួកគាត់ត្រូវការ ឲ្យជួយដោះបន្ទាន់នោះ ឯឧ.ចង់បានឲ្យប៉ុស្តិ៏ និងចៅសង្កាត់ មានការផ្សារភ្ជាប់គ្នា ដើម្បីសហការគ្នាបំរើប្រជាពលរដ្ឋ និងគិតផលប្រយោជន៏ប្រជាជនជាធំ។ឯឧ.អភិបាលបន្តថាការងារនេះ ឯឧ.នឹងត្រួតពិនិត្យ ហើយមានការរៀបចំប្រឡងប្រណាំង ជុំវិញបណ្តាសង្កាត់ទាំង១០៥ ថាតើ សង្កាត់ ណាមួយ ដែលលេចធ្លោក្នុងបញ្ហាបំរើការងារ ការបំពេញសេវាសាធារណៈ និងការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អ ដែលទាំងអស់នេះ គឺជាចំណុចសំខាន់ នឹងពិតជាមានការគាំទ្រពីប្រជាពលរដ្ឋមិនខាន។
សូមបញ្ជាក់ថា៖ សព្វថ្ងៃរាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣៕