រដ្ឋបាលរាជធានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី

0
357

(ភ្នំពេញ) ដើម្បីបង្កើននូវភាពងាយស្រួលលើការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ក៏ដូចជាជួយសម្រួល​ដល់ការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ( QR Code ) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងកាណូត ដែលពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ សីហា ២០១៨ ក្រោមអធិបតីភាព លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានថ្លែងថា ការប្រើប្រាស់សេវាអេស៊ីលីដា​ ឃ្យូអរកូដ នេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរ ក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបាន​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ កាត់បន្ថយការ​ចំណាយ ចំណេញពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូល​រួមកាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរ ស្រប​តាមគោលនយោបាយ និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

លោក បន្តទៀតថា រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្ត​ក្រុង​សាធារណៈ​ចំនួន​៨​​ខ្សែ ដែល​មាន​រថយន្ត ១៥៥គ្រឿង កំពុង​ទទួល​បានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​រថយន្ត​ក្រុង​កាន់តែ​​ច្រើន​​ដែល​មាន​ចំនួន​អ្នកធ្វើដំណើរពី ២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ។​ រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹកចំនួន១ ខ្សែ ពីស្ថានីយ៍ឫស្សីកែវ ទៅស្ថានីយ៍តាខ្មៅផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការ

ជ្រើសរើស ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការ ក្នុងការ​បង់កម្រៃ​សេវា​ដឹក​ជញ្ជូនសាធារណៈ​​រថយន្ត​ក្រុង ​និង កាណូត​ តាមរយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet)នេះ អ្នកដំណើរ​អាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និង​កាណូត បានភ្លាមៗ ដោយស្វ័យប្រវត្តិ តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ដែលមានបិទនៅលើ​រថយន្តក្រុង និងកាណូត​ ។

លោកបន្តថា សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាសេវាធនាគារ​តាម​រយៈទូរស័ព្ទចល័ត ដែលដំណើរការ​ដោយប្រព័ន្ធ Android និង iOS ដើម្បីទូទាត់ និងទិញទំនិញ​ គ្រប់ទីកន្លែង​តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកប​ដោយ​ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។

លោកបានបញ្ជាក់ឲ្យដឹងផងដែរថា គិត​មក​ត្រឹ​ម​ថ្ងៃនេះ មានអ្នកចុះឈ្មោះ​ប្រើប្រាស់សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាលក្ខណៈបុគ្គល មានចំនួន ៦២៤.៦៨៤ និង​ជា​ដៃ​គូមានចំនួន ៧.០២៤ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​ និងអេស៊ីលីដា ប្រូភើធី អិលធីឌី​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា ។​ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៤៣ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,២៥ពាន់លាន​ដុល្លារ អាមេរិក និងប្រាក់បញ្ញើសន្សំ​សរុបចំនួន ៣,៤៨ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹម​ដំណាច់ខែកក្កដា ឆ្នាំ២០១៨ នេះ ។

 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានការប្រើប្រាស់​សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត( QR Code )នេះធ្វើឡើងដើម្បី​សម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្តលើការបង់កម្រៃ​សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ខណៈដែល បច្ចុប្បន្ននេះ មានរថយន្តក្រុងចំនួន ១៥៥គ្រឿង បាននិងកំពុងរត់លើផ្លូវចំនួន ៨ខ្សែ ​មាន​ចំនួន​អ្នកធ្វើដំណើរពី ២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានី នឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតឲ្យមានការប្រើប្រាស់សេវានេះ នឹងកាត់បន្ថយកម្លាំងកម្មពលកម្ម កាត់បន្ថយបុគ្គលិកច្រើន ហើយការ គ្រប់គ្រង់ចំណូល ក៏មិនបានបាត់បង់ប្រាក់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឯកឧត្តម បញ្ជាក់ថា និយាយបែបនេះ មិនមែនចោទ បុគ្គលិកដែលធ្លាប់បំពេញការងារនេះ កន្លងមកធ្វើឲ្យបាត់ ឬលួចលុយនោះទេ នេះដោយសារតែបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យយើងប្រើប្រាស់សេវានេះ។ ក្រៅពីនេះលោកឃួង ស្រេង ក៏បានណែនាំឲ្យលោក អ៊ាន សុឃីម មើលបុគ្គលិក ពេលកាត់បន្ថយនេះ ត្រូវសម្រួលពួកគាត់ទៅធ្វើកន្លែងណាមួយ ដោយត្រូវធ្វើរបាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ ពោលគឺធ្វើយ៉ាងណាកុំឲ្យពួកគាត់មានសន្តិអារម្មណ៍ ភាន់ច្រឡំ ដោយនេះជាជំហានអភិវឌ្ឍន៍ ដែលត្រូវប្រើប្រាស់បច្ចេកទេសទំនើបហើយ។

ឯកឧត្តមអភិបាល ក៏បានធ្វើការណែនាំឲ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ

និងធនាគារត្រូវអនុវត្ត នៃការចុះហត្ថលេខានេះ ឲ្យបានល្អ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីន ទូទាត់ប្រាក់ចៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here