ផ្ទុះហើយ សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក លើទំនិញចិន ក្នុងសប្តាហ៍នេះ

0
291

(អន្តរជាតិ) សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធ២៥ភាគរយ លើទំនិញចិន ក្នុងទំហំទឹកប្រាក់១៦ពាន់លានដុល្លារ នាថ្ងៃព្រហស្បត្តិ៍នេះ ហើយគេរំពឹងថា ចិន នឹងសងសឹកវិញភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធ២៥ភាគរយដូចគ្នា លើទំនិញអាមេរិក ក្នុងទំហំទឹកប្រាក់តែមួយ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែបោះជំហានឆ្ពោះទៅរកការប្រកាសដំឡើងតម្លៃពន្ធ២០០ពាន់លានដុល្លារបន្ថែមទៀត លើទំនិញចិន ក្នុងសប្តាហ៍នេះ ស្របពេលដែលក្រុមមន្រ្តីមកពីប្រទេសទាំងពីរ កំពុងចរចាគ្នាលើបញ្ហាពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីងតោន។

វាគឺជាជុំទី២ហើយ នៃការប្រកាសដំឡើងតម្លៃពន្ធ ដោយប្រទេសទាំង២ ក្នុងឆ្នាំនេះ។ តម្លៃទំនិញសរុប៥០ពាន់លានដុល្លារ របស់ភាគីនិមួយៗ នឹងត្រូវដំឡើងពន្ធដូចៗគ្នា គិតត្រឹមថ្ងៃព្រហស្បត្តិ៍ស្អែកនេះ។

ការដំឡើងតម្លៃពន្ធថ្មីនេះ នឹងប៉ះពាល់ដល់ផលិតផលទំនិញចិន២៧៩មុខ ដែលរួមទាំងផលិតផលគីមី ទោចក្រយានយន្ត ឧបករណ៍ស្ទង់ល្បឿន និងអង់តែន។ ចិន នឹងសងសឹកវិញ មកលើទំនិញអាមេរិក ដែលរួមមានទាំងសារធាតុគីមី និងប្រេងម៉ាស៊ូត។

រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមដំណើរការដំឡើងតម្លៃពន្ធនេះ កាលពីខែមីនា ដោយមានគោលដៅឲ្យចិន ផ្លាស់ប្តូរទង្វើរបស់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេលួចទ្រព្យសម្បត្តិបញ្ញា។ ទោះបីជាយ៉ាងណាក៏ដោយ ចិន បានឆ្លើយតបភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធដូចគ្នា។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងឧស្សាហកម្មជាង៨០ បានធ្វើសក្ខីកម្មកាលពីខែកក្កដា នៅមុខការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើការដំឡើងតម្លៃពន្ធ២៥ភាគរយ នៃតម្លៃទំនិញ១៦ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here