សមាជិកសភាស្រ្តី បើកយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ

0
386

រដ្ឋសភា៖ យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ ជាប្រធានបទ ដែលសមាជិកសភាស្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើឡើងដើម្បីជំរុញភាពអង់អាចដល់កុមារី និងយុវតី។ មានយុវតីជាសិស្សានុសិស្សមកពីវិទ្យាល័យចំនួន២៥ ក្នុងរាជធានីភ្នំពេញ និងខេត្តរតនគិរី បានចូលរួមយុទ្ធនាការនេះ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ ដោយបានស្តាប់ការពន្យល់ បង្ហាញពីសមាជិកសភាជាស្រ្តី មកពីព្រឹទ្ធសភានិងរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវជនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋសភាកម្ពុជា បានរៀបចំយុទ្ធនាការនេះឡើង។ យុទ្ធនាការនេះ បានកើតឡើង ក្រោយពីសមាជិកសភាស្រ្តីមួយក្រុម បានទៅចូលរួមកិច្ចប្រជុំកំពូលនៃអ្នកដឹកនាំនយោបាយជាស្រ្តី នៅប្រទេសជប៉ុន កាលពីខែមិថុនា កន្លងទៅ។ វេទិកានោះបានប្រមូលផ្តុំអ្នកនយោបាយជាស្រ្តីនៅទូទំាងពិភពលោក ដើម្បីជជែកពិភាក្សា ផ្លាស់ប្តូរគំនិត យោបល់គ្នានិងរិះរកមធ្យោបាយផ្សេងៗ សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលស្រ្តីនៅក្នុងពិភពលលោក កំពុងជួបប្រទះ ដូចជាបញ្ហាគម្លាតយេនឌ័រ ភាពប្រឈមនៃការអភិវឌ្ឍ ជាពិសេសរនាំង ដែលរារំាងវត្តមានស្រ្តី មិនឲ្យចូលរួមក្នុងវិស័យនយោបាយជាដើម។

លោកជំទាវសមាជិការដ្ឋសភា បានលើកឡើងបន្ថែមថា យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅក្លាយជាអ្នកដឹកនាំនេះ ជាគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងស្វែងរកការចូលរួមរបស់យុវតីឱ្យកាន់តែច្រើនក្នុងវិស័យនយោបាយ ហើយទទួលការគំាទ្រយ៉ាងខ្លាំងពីសហគមន៍អឺរ៉ុប។ យុទ្ធនាការនេះ បានធ្វើជាលើកដំបូងនៅខែតុលា ឆ្នាំ២០១៧ នៅប្រទេសម៉ាល់តា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដែលបានគំាទ្រដល់យុទ្ធនាការនេះ គូសបញ្ជាក់ថា ទោះបីនេះជាយុទ្ធនាការលើកដំបូងដែលសភាកម្ពុជាបានធ្វើ ប៉ុន្តែសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានអនុវត្តជាយូរឆ្នាំណាស់មកហើយ ជាពិសេសបានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាល។ ស្រ្តីនៅកម្ពុជាត្រូវបានជំរុញលើកទឹកចិត្តទំាងក្នុងវិស័យឯកជន និងរដ្ឋ។ ស្រ្តីនៅកម្ពុជាបានក្លាយជាអ្នកដឹកនាំក្នុងជួរកងកម្លំាងប្រដាប់អាវុធ ជាអ្នកនយោបាយ ជាពាណិជ្ជករ និងបានដឹកនាំ ក្នុងវិស័យផ្សេងៗទៀត។

តែទោះយ៉ាងណាលោកជំទាវ អនុប្រធានទី២ នៃរដ្ឋសភា បានកោតសរសើរនិងលើកទឹកចិត្ត ដល់ការរៀបចំយុទ្ធនាការ នាពេលនេះ។ យុទ្ធនាការដែលបានផ្តល់ឱកាសដល់យុវតី ពិសេសយុវតីជនជាតិដើមភាគតិច បានមកស្គាល់វិមានរដ្ឋសភា បានឃើញ កន្លែងធ្វើការរបស់តំណាងរាស្រ្ត ពិសេសបានស្តាប់ការរៀបរាប់ បទពិសោធន៍ផ្ទាល់ពីសមាជិកសភាស្រ្តី។

“នេះជាចំនុចល្អមួយ ដើម្បីជំរុញលើកទឹកចិត្តយុវតីក្លាយជាអ្នកដឹកនាំ ដោយពួកគេនឹងមានភាពអង់អាចក្នុងការសម្រេចចិត្តលើវាសនារបស់ខ្លួន នៅពេលពួកគេបានឃើញអ្វីដែលគំរូ” នេះជាការគូសបញ្ជាក់របស់លោកជំទាវ ឃួន សុដារី។

សូមជម្រាបថា មានយុវតីប្រមាណជិត៣០០នាក់ មកពីវិទ្យាល័យចំនួន២០នៅក្នុងរាជធានីភ្នំពេញ និងវិទ្យាល័យចំនួន៥ មកពីខេត្តពីខេត្តរតនគិរី បានចូលរួមយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ។ ពេញមួយព្រឹក សមាជិកសភាស្រ្តី បានចែករំលែកបទពិសោធន៍ការងារផ្ទាល់ ធ្វើបទបង្ហាញពីការងារសភា ដល់យុវសិស្ស បានស្តាប់។ យុវតីដែលបានចូលរួមយុទ្ធនាការនេះ បានទស្សនា កន្លែងសំខាន់ៗ នៅក្នុងវិមានរដ្ឋសភា ពិសេសសាលប្រជុំរដ្ឋសភាទៀតផង មុនពួកគេនាំយកបទពិសោធន៍ល្អៗ ទិដ្ឋភាពថ្មីៗ ចំណេះដឹងល្អៗ ពីវិមានរដ្ឋសភា ពីសមាជិកសភាជាស្រ្តី ទៅកាន់សហគមន៍ពួកគេវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here