ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់ផ្នែកអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដែលកិច្ចប្រជុំនេះ មានការចូលរួមដោយតំណាងក្រុមហ៊ុនចំនួន៨, ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ។
ផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ ដែលបានលើឡើងក្នុងកិច្ចប្រជុំនោះ រួមមាន៖ ១- បង្គោល LV-9m ចម្រុះចំនួន៦៩២ដើម ២- បង្គោល MV-12mចម្រុះ ចំនួន ៦១៣ដើម ៣- បង្គោល MV-14m ចម្រុះចំនួន២៥០ដើម ៤- ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ ៥- ខ្សែបណ្តាញកប់ដី LV ប្រវែង៤៥០ម៉ែត្រ ៦- ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ ៧- ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ ៨- Laod Breaking Switch ចំនួន១៨គ្រឿង ៩- Auto Recloser ចំនួន១១គ្រឿង ១០- តំណចុងកាប្លិ៍ ចំនួន១២២តំណ ១១- ត្រង់ស្វូរលើបង្គោលចំនួន១៧៦គ្រឿង ១២- ទូរចល័តចំនួន ២៧គ្រឿង ១៣- បន្ទប់ភ្លើង ចំនួន០៩ខ្នង ១៤- ប្រអប់នាឡិកាស្ទង់ចំនួន ១.៤៧៩ប្រអប់
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យក្រុមហ៊ុនសាងសង់ផ្លូវទាំង ៣៤ខ្សែ ដែលមានក្រុមហ៊ុនចំនួន៨ ក្នុងប្រតិបត្តិការ ស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ គឺស្នើដល់ក្រុមការងារបច្ចេកទេស ត្រូវដាក់មន្ត្រីប្រចាំការនៅតាមការដ្ឋាននីមួយៗ ដើម្បីដោះស្រាយផលប៉ះពាល់ ឲ្យបានទាន់ពេលវេលា ហើយត្រូវរួមគ្នាដោះស្រាយផលប៉ះពាល់ជាកញ្ចប់ ទើបការងារ ស្ថាបនាផ្លូវប្រព្រឹត្តទៅបានទៅតាមការគ្រោងទុក។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្រុមហ៊ុនស្ថាបនាផ្លូវទាំង ៨ក្រុមហ៊ុន ក៏ត្រូវបញ្ជូនអំពីលទ្ធផលសិក្សាចុះវាស់វែង របស់ខ្លួន ពីផលប៉ះពាល់ទាំងនោះឲ្យបានលឿន រួចបញ្ជូនមកខាងអគ្គិសនីខេត្តព្រះសីហនុ និង មន្ទីរជំនាញ ដើម្បីមន្ត្រីស្ថាប័នជំនាញនីមួយៗ ជួយពន្លឿនកិច្ចការនេះ ឲ្យបានទាន់ពេល។
ជាងនេះទៀត ត្រូវចុះស្រង់ រកទីតាំងថ្មីបន្ទប់ ភ្លើងចំនួន ៨ តាមនិយាមកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ ឲ្យបានរលូន។ ក្នុងនោះ ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់។
លោក គួច ចំរើន ឲ្យដឹងដូច្នេះ រួចបន្តបានបញ្ជាទៅមន្ត្រីជំនាញក្រោមឱវាទ ឲ្យចុះពិនិត្យបង្គោលជាង ១.០០០ដើម ដើម្បីរកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ ឲ្យបានលឿន ព្រោះការ ស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ៕