(កណ្តាល) គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីចំនួន២នាក់ និងរបួសស្រាលបុរស១នាក់ កើតហេតុនៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ស្រីមុំ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1N.6687(មិនពាក់មួកសុវត្ថិភាព) អ្នកបើកបរដោយបុរស១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបើកឆ្លងផ្លូវទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1K.0275(មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង ។
អ្នកបើកបរឈ្មោះ សាត ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។
បន្ទាប់មកម៉ូតូបង្កហេតុខាងលើ បានខ្ទាតទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកCHALY ពណ៌ស ពាក់ផ្លាកលេខ ប.4060ភ.ព1 (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរឈ្មោះ ជឹម ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលគ្លីនិកសុខលាភមេត្រី។ ក្រោយពីកើតហេតុកម្លាំងជំនាញបានធ្វើកំណត់វាស់វែងទីកន្លែងកើតហេតុ និងដកហូតយកមធ្យោបាយដែលពាក់ព័ន្ធ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។
តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ HONDA DREAM125 ពាក់ផ្លាកលេខ កណ្តាល1N.6687 បើកម៉ូតូមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន៕ប្រភពFB