ភ្នំពេញ៖ សង្ស័យស្រវឹងស្រា! នារីស្រស់ស្អាត ពាក់វ៉ែនតាធំៗ២នាក់ នឹងមិត្តភក្តិប្រុសម្នាក់ ចេញពីជប់លៀងគេ បើករថយន្ត បុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវរងការខូចខាត ហើយអង្គុយរងចាំសមត្ថកិច្ចមកដល់ ហុចកូនសោររថយន្តអោយសមត្ថកិច្ចចាត់ការតាមច្បាប់ព្រោះពួកគេយល់ពីកំហុសរបស់ខ្លួន
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងស្តុបនាងគង្ហីង តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកTOTOTA Pirus មួយគ្រឿង ពណ៌ស្ករ បើកបរដោយយុវតីរូបស្រស់ស្អាតម្នាក់ (មិនស្គាល់អត្តសញ្ញាណ) រួមនឹងមានមិត្តភក្តិប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ត្រឡប់មកពីកម្មវិធីជប់លៀងមួយ បំណងត្រឡប់ទៅផ្ទះវិញ ដោយបើកបរក្នុងល្បឿនលឿនពេក ទើបពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងមុខផ្នែកខាងឆ្វេងបន្តិចប៉ុណ្ណោះ តែខ្ទាតរបាំងថ្មផ្ងារជើងបាក់អស់១កង់ តែមិនបណ្ដាលឲ្យរងរបួសនោះទេ ដោយសារមានភាពទទួលខុសត្រូវខ្ពស់ យុវតីជាអ្នកបើករថយន្តបង្ក ព្រមទាំងមិត្តភក្តិប្រុសស្រី២នាក់ទៀត សុខចិត្តអង្គុយក្នុងរថយន្ត រង់ចាំសមត្ថកិច្ចមកដល់។
សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ គ្រាន់តែយុវតីរូបស្រស់ឃើញភ្លាម រត់ទៅប្រគល់កូនសោរថយន្តឲ្យសមត្ថកិច្ច និងព្រមឲ្យដោះស្រាយតាមច្បាប់ រួចប្រញាប់ប្រញាល់ហៅ Pass App ឡើងជិះចេញពីកន្លែងកើតហេតុបាត់ទៅ។ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕