ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន កាត់វិញ្ញាសារប្រលងបាក់ឌុប លើកចុងក្រោយនៃអាណត្តិទី៥ នៅវិទ្យាល័យព្រះសីសុវត្ថិ

0
1130

(ភ្នំពេញ) ការកាត់វិញ្ញសារជូនសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប ជាលើកចុងក្រោយហើយសម្រាប់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ  ។

ការចូលមកស្រោចស្រង់វិស័យអប់រំនៅកម្ពុជា ដែលត្រូវបានគេមើលឃើញមានសភាពដុនដាបខ្លាំង ជាពិសេសការប្រលងបាក់ឌុបតែម្តងនោះ លោក ហង់ ជួនណារ៉ុន ធ្លាប់បានបញ្ជាក់ថា លោកបានចំណាយពេលសម្រាន្តមួយយប់តែ៣ម៉ោងប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ទំនុកចិត្តឲ្យមកគ្រប់គ្រងក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងនៃការកាត់វិញ្ញាសារប្រលងបាក់ឌុបផងដែរ។ ឆ្នាំ២០១៤ គឺជាឆ្នាំដំបូងបង្អស់នៃការធ្វើកំណែទម្រង់ការប្រលងបាក់ឌុបក្រោមទិសស្លោក «អ្នកចេះ គឺជាប់» របស់លោក ហង់ ជួនណារ៉ុន ដែលធ្វើឲ្យសិស្សបាក់ឌុបជាច្រើននៅឆ្នាំនោះបានធ្លាក់ សិស្សដែលជាប់មិនដល់៥០ភាគរយនោះ ជាហេតុបង្ខំឲ្យក្រសួងរៀបចំការប្រលងជាលើកទី២។

ក្រោមការចាប់ផ្តើមធ្វើកំណែទម្រង់ឈរលើចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងការចម្រាញ់យកធនធានចំណេះដឹងមួយដ៏ពិតប្រាកដនេះ បានធ្វើឲ្យសិស្សានុសិស្សទាំងអស់ ជាពិសេសអ្នកត្រៀមប្រលងបាក់ឌុបតែម្តង បានភ្ញាក់រលឹកស្រវាស្រទេញលើការសិក្សារបស់ខ្លួនបង្កើនសមត្ថភាពត្រៀមប្រលង ដោយមិនផ្តេកផ្តួលចាំលួចចម្លងគ្នា ឬចាំលួចមើលសំណៅឯកសារ ឬក៏ចាំទិញកំណែវិញ្ញាសារដែលបែកធ្លាយ ឬក៏ចាំរកវិធីសូកលុយគ្រូកំណែវិញ្ញាសារទៀតនោះឡើយ។

កំណែទម្រង់ការលើប្រលងនេះ បានធ្វើឲ្យទាំងសិស្សានុសិស្ស និងអាណាព្យាបាលផងដែរ បង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះការធ្វើកំណែទម្រង់នេះ ព្រោះចលករថ្មីដ៏សំខាន់ដាស់សតិ ស្មារតីឲ្យចៅរបស់ពួកគេងាកមកប្រឹងប្រែងសិក្សារៀនសូត្រ មិនចំណាយពេលដើរលេងច្រើននៅឆ្នាំប្រលងទៀតនោះឡើយ។

កំណែទម្រង់របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ក៏បានធ្វើឲ្យសិស្សដែលទទួលបាននិទ្ទេស A មិនច្រើនដូចពេលមុនលោកចូលមកគ្រប់គ្រងនោះដែរ។ ក្នុងនោះឆ្នាំ២០១៤ ដែលជាឆ្នាំប្រលងបាក់ឌុបក្រោមកំណែទម្រង់លើកដំបូងមានសិស្សនិទ្ទេស A ត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ តែចំនួននេះ ក៏បានកើនឡើងនៅបន្ទាប់ក្រោយសិស្សបានភ្ញាក់រលឹក។ ឆ្នាំ២០១៥ មានសិស្សទទួលបាននិទ្ទេស A ១០៨នាក់ ឆ្នាំ២០១៦ មានសិស្សនិទ្ទេស A ៤០៥នាក់ និងឆ្នាំ២០១៧កន្លងទៅ មានសិស្សនិទ្ទេស A ៤២៤នាក់។

ការប្រលងបាក់ឌុបឆ្នាំ២០១៨ គឺជាឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាលនីតិកាលទី៥ ហើយក៏ជាឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ផងដែរ ខណៈនីតិកាលថ្មីនៃរាជរដ្ឋាភិបាលដែលនឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខនេះ គេនៅមិនទាន់ដឹងថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តផ្តល់ទំនុកចិត្តលើឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឲ្យបន្តតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបន្តទៀតឬយ៉ាងនោះទេ?

បើទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងសម្រាប់ការធ្វើកំណែទម្រង់អប់រំរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន។ សម្រាប់អាណត្តិថ្មីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញវិស័យអប់រំនៅតែវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលនៅតែបន្តទម្លាក់ថវិកាទៅក្នុងវិស័យនេះ ច្រើនជាងវិស័យដទៃទៀត។ តាមរយៈនយោបាយនេះ បានបង្ហាញជាក់ថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ក្នុងការជំរុញពង្រីក និងពង្រឹងធនធានចំណេះដឹងនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here