សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំឡើងថែមទៀត ដើម្បីលើកកម្ពស់និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ មានដូចជា វិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជាពិសេសទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។
ប្រធានរដ្ឋសភាប្រទេសទំាងពីរបានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការនេះ នៅក្នុងជំនួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកជំទាវប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កម្ពុជានិងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនៈកោដិ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋនៃកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស ឯកឧត្តម សេក្ខ មូជីបួរ រ៉ាម៉ាន់។ ឆ្នាំ២០២០ខាងមុខ ប្រទេសបង់ក្លាដេសនឹងប្រារព្ធខួបទំនាក់ទំនងប្រទេសទំាងពីរ ដោយនៅក្នុងឱកាសនោះមហាវិថីមួយ នៅក្នុងប្រទេសបង់ក្លាដេស ដែលដាក់ឈ្មោះ ព្រះនាមសម្តេចឪ នឹងត្រូវសម្ពោធជាផ្លូវការផងដែរ។
លោកជំទាវបណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ ជាពិសេសក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកជំទាវបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដេស តាមពេលសមស្របណាមួយ។
សម្តេចប្រធានរដ្ឋសភាបានទទួលសំណើខាងលើ និងបានអបអរសាទរចំពោះសមិទ្ធិផល ដែលសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសសម្រេចបាន ក្រោមការដឹកនាំរបស់លោកជំទាវ សេក្ខ ហា ស៊ីណា នាយករដ្ឋមន្រ្តី និងលោកជំទាវផ្ទាល់ ជាប្រធានរដ្ឋសភា ដែលបានធ្វើឱ្យបង់ក្លាដេស ស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។
សម្តេចប្រធានបានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។
លោកជំទាវ បណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំរដ្ឋសភាកម្ពុជា គំាទ្រដល់ការដោះស្រាយបញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ឲ្យបានឆាប់ ជាពិសេសការធ្វើយ៉ាងណាឲ្យពួកគេបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឲ្យបានឆាប់ ដោយហេតុថាបញ្ហានេះជាបន្ទុកធំមួយ របស់បង់ក្លាដេស។ សម្តេចប្រធានរដ្ឋសភា បានគំាទ្រនិងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕
ដោយ៖ NCNDaily