តាមសេចក្តីប្រកាសព័ត៌មានបន្ទាន់របស់គណៈកម្មការទន្លេមេគង្គចេញផ្សាយ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានឱ្យដឹងថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ ខែមករា ឆ្នាំ ២០២០ ក្នុងនោះប្រទេសថៃ និង កម្ពុជានឹងរងនូវការវាយប្រហារនេះ ខ្លាំងជាង ប្រទេសឡាវ និង វៀតណាម ។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានអះអាងទៀតថា ប្រទេសថៃ និង កម្ពុជានឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះរហូតដល់ខែមករា ឆ្នាំ ២០២០ ដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំផ្សេងៗ ដោយសារកង្វះខាតទឹកស្រោចស្រព ។ តាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា តំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមនឹង រងផលប៉ះពាល់នៃគ្រោះរាំងស្ងួត ក្នុងសភាពកាន់តែធ្ងន់ធ្ងរឡើង ចាប់ពីខែធ្នូ រហូត ដល់ ខែមករា ឆ្នាំ២០២០ ដោយនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬ គ្មានភ្លៀង ។
នៅប្រទេសថៃ តំបន់ភាគខាងជើង និង តំបន់ឦសាននៃប្រទេស រួមមានខេត្តឈៀងម៉ៃ ឡឺយ ណុងបូឡាំភូ ឧដនថានី ខនកែន ឆាយ៉ាភូមិ សាកនណាខន ណាខនរ៉ាត់ឆាសីម៉ា បុរីរាំ មហាសារខាំ សុរិន និង ស៊ីសាកេត ។ ឯប្រទេសកម្ពុជា រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត ។ ចំណែកតំបន់ភាគកណ្ដាល និង ខាងជើងនៃប្រទេសឡាវ រួមមានខេត្តវៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និង ខេត្តលួងប្រាបាង ក៏នឹងរងផលប៉ះពាល់នេះផងដែរ ។ ប៉ុន្តែតិចតួចជាង ខណៈមិនមានសញ្ញាបង្ហាញពីគ្រោះរាំងសូតនៅដែនដីសណ្តរមេគង្គនៃប្រទេសវៀតណាម ដែលលំហូរនៃទឹកប្រៃអាចនឹងក្លាយជាបញ្ហាបង្កជាហានិភ័យខ្លះៗដល់ដំណាំកសិកម្ម ។
ការព្រមាននេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យរយៈពេល៣ខែនៃការវិភាគ ដែលផ្តោតលើប្រូបាប និង កម្រិតនៃភាពរាំងស្ងួត រួមទាំងទឹកភ្លៀង ដោយធៀបទៅនឹងទិន្នន័យឆ្នាំចាស់ ហៅថា សន្ទស្សន៍ស្តង់ដាទឹកភ្លៀង (SPI) និង កម្រិតស្ងួតនៃស្រទាប់ខាងលើដី ហៅថា សន្ទស្សន៍គ្រោះរាំងស្ងួតរួមគ្នា (CDI) នៅតាមបណ្តាប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ។
លោកបណ្ឌិត ឡាំ ហុងសឺន ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និង ទឹកជំនន់ប្រចាំតំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេ មេគង្គ បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ការវិភាគទិន្នន័យបឋមរបស់គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ នៅអំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និង ការឈប់ធ្លាក់ភ្លៀងមូសុងនេះ មុនពេលកំណត់ ព្រមទាំងបាតុភាព អែល នីណូ(El Nino) ដែលបង្កឱ្យមានកំដៅ និង រំហួតខ្ពស់ខុសប្រក្រតី ។
លោក មាស សុភក្រ្ត មន្ត្រីទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីខ្ពស់បំផុត នឹងជួបពិភាក្សាលើបញ្ហាគ្រោះរាំងស្ងួតនៅក្នុងជំនួបប្រចាំឆ្នាំ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីដាក់ចេញវិធានការចាំបាច់សម្រាប់ការកាត់បន្ថយគ្រោះហានិភ័យនឹងគ្រោះរាំងស្ងួតនេះ៕ ដកស្រង់ពី ប្រជាប្រិយ