(ភ្នំពេញ) គួរអោយសង្វេគ នឹងរន្ឋត់ចិត្ត យ៉ាងខ្លាំង ខណៈបុរសម្នាក់ កំពុងជិះម៉ូតូឌុបប្រពន្ធទៅផ្ទះ ស្រាប់តែរថយន្តកុងតឺន័រ បុកឆក់យកជីវិតប្រពន្ធ ស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ
កាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំ ហើយបើករត់បាត់ស្រមោលនេះ ត្រង់ចំណុចខាងលិចក្បែរផ្សារសុភមង្គល នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយបង្កគ្រោះថ្នាក់ រថយន្តបង្កបានព្យាយាមបើករត់គេចពីការទទួលខុសត្រូវទៅបាត់ស្រមោលតែម្ដង។
ស្ត្រីជាប្រពន្ធ ដែលស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះ ចាន់ ណារី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកប្តីរងរបួសស្រាលឈ្មោះ យា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតខេត្តស្វាយរៀង។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១០០ (Honda Dream 110Cc) ស៊េរីចាស់។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ បើកស្របទិសកៀរពីក្រោយ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធនោះ ដួល ហើយត្រូវរថយន្តកិនស្លាប់ប្រពន្ធ និងបុរសជាប្តី របួសបែកក្បាលផងដែរ។ ភ្លាមៗនោះ ដោយឃើញសភាពមិនស្រួល ទើបរថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ពីកន្លែងកើតហេតុ ៕ប្រភពFB