ស្ត្រីជាប្រពន្ធដែលចាក់សម្លាប់ប្តីជាមន្ត្រីនគរបាលនៅសៀមរាប ត្រូវបានតុលាការខេត្តសៀមរាប សំរេចឃុំខ្លួនហើយ

0
282

(សៀមរាប) ស្ត្រីជាជនសង្ស័យ មានឈ្មោះសុខ លីនី អាយុ២៦ឆ្នាំ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន កាលពីថ្ងៃទី15ខែសីហាឆ្នាំ2018។ ចំណែកជនរងគ្រោះជាប្តី ឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

ករណីស្ត្រីជាប្រពន្ធ ដែលចាក់សម្លាប់ប្តីរបស់ខ្លួន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី១៧ខែសីហានេះ ត្រូវបានចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ឃាតកម្ម។

នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សព ជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។

លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង១៣:០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here