ភ្នំពេញ:រថយន្តពីរគ្រឿងបើកលឿននឹងស្រវឹងស្រាដូចគ្នាដល់ផ្លូវបំបែកជាបួនបុកគ្នាប៉្រាវបណ្តាលឲ្យខូចខាតទាំងសងខាង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងមុខហាងលក់ទំនិញគីវីម៉ាត់ តាមបណ្តោយផ្លូវ១៩ កែងនិងផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសបីនាក់ ក្នុងស្ថានភាពស្រវឹង បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1051 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ១៩ ក្នុងល្បឿនយ៉ាងលឿន។ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-8021 បើកបរដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក តាមបណ្តោយផ្លូវ១៣៦ ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ដោយអ្នកបើក ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តទាំងពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតចេញពីគ្នាប្រមាណ១០ម៉ែត្រ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកបុរសម្នាក់ ដែលរួមដំណើរនៅក្នុងរថយន្តព្រូស បានរងរបួសបែកក្បាលផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលដោះស្រាយគ្នា ប៉ុន្តែចរចាមិនត្រូវគ្នា ក៏រាយការណ៍ជូនជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily