ទិវាអន្តរជាតិ សម្រាប់យុវជនឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “បរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់យុជន”

0
467

ទិវាអន្តរជាតិ សម្រាប់យុជន បានប្រារពធ្វើជារៀងរាល់ឆ្នាំ សម្រាប់ឆ្នាំ២០១៨នេះ អង្គការសហប្រជាជាតិ បានជម្រុញឱ្យយុវជន សង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធ ចូលរួមអបអរសាទរ ទិវានេះ ក្រោមប្រធានបទ”បរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់យុជន” ព្រោះថា យុវជនត្រូវការទទួលស្គាល់ នូវការបញ្ចេញមតិរបស់ខ្លួន ការគោរព ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ការប្រើប្រាស់ពាក្សសំដី សកម្មភាព និងការយល់ដឹងផ្នែកសង្គម ខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម តូច ជឿន អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានលើកឡើងនៅក្នុងទិវាអន្តរជាតិ សម្រាប់យុវជន លើកទី១៩ ដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះថា ការអភិវឌ្ឍយុវជន ជាអាទិភាពបន្ទាន់ និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នារួមទាំងយុវជនខ្លួនឯង។យុវជនមានតួនាទីនិងកាតព្វកិច្ចបំពេញការងារដោយខ្លួនឯងរួមទាំងការអភិវឌ្ឍ សមត្ថភាព និងជំនាញផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលើកមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

ឯកឧត្តម បញ្ជាក់ថា តាមរយៈការប្រារពទិវាអន្តរជាតិ សម្រាប់យុវជននេះ គឺជាការទទួលស្គាល់ពីសារៈសំខាន់ នៃការអភិវឌ្ឍយុវជន ឱ្យក្លាយទៅជាធនធានដែលប្រកបដោយសមត្ថភាព ទាំងចំណេះដឹង សុខភាព និងស្មារតី។ យុវជនត្រូវតែមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន ដោយចាប់ផ្តើមពីខ្លួនឯងជាមុន។

ចំណែកឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានចាត់ទុកសកម្មភាពនេះ ជាទិវាប្រវត្តិសាស្រ្ត និងជាព្រឹត្តិការអន្តរជាតិដ៏សំខាន់ ដើម្បីអបអរយុវជនកម្ពុជា និងទូទាំងពិភពលោក ដែលពួកគេជាកម្លាំងចលករសំខាន់បំផុក្នុងការកសាងសន្តិភាព និងអភិវឌ្ឍសង្គម។ ក្រៅពីនេះក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញការអភិវឌ្ឍយុវជន ដើម្បីធានានូវសកម្មភាព ដែលប្រកបដោយប្រសិទ្ធភាព។

ឯលឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ប្រធានបទ ឆ្នាំនេះ ផ្តោតការយកចិត្តទុក និងរិះរកគ្រប់មធ្យោបាយ និងយន្តការសម្រាប់កសាងមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាព តាមរយៈការយោគយល់ អធ្យាស្រ័យ គ្មានអំពើហិង្សា ដែលចាប់ផ្តើមចេញពីការតាំងចិត្ត និងការទទួលខុសត្រូវ នូវរាល់ទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ ជាពិសេសគោរពតាមគោលការណ៍ សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សារ ការបង្រួបបង្រួមជាតិជាតិ-អន្តរជាតិ ក្នុងគោលដៅជំរុញឱ្យមានសន្តិភាព  សន្តិសុខ ការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូ ប្រកាន់ខ្ជាប់ សីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាឆ្ពោះទៅរក ការគេចផុតពីអំពើហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំ និងឧក្រិដ្ឋកម្មនានា។

សូមបញ្ជាក់ថា ទិវាអន្តរជាតិ សម្រាប់យុវជន ឆ្នាំនេះ មានការចូលរួមពីនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សា យុវជនការបាទក្រហម កាយរីទ្ធ  និង សិស្សានិសិស្សមកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ ប្រមាណជាង១៥០០នាក់៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here