ភ្នំពេញ ៖ ឯលឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំក្រសួងបរិស្ថាន ថ្លែងថា តាមសំណើរបស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចនិងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយ គឺមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» លើផ្ទៃដីទំហំសរុបចំនួន១៣៣ ៧០៧, ៧៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែក មាស ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ។
ឯកឧត្តម នេត្រ ភក្ត្រា បានពន្យល់ថា ព្រំប្រទល់ និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាងនឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ។ នៅពេលមិនទាន់បញ្ចូលគ្នាដែនជម្រកសត្វព្រៃសៀមប៉ាង មានផ្ទៃដីទំហំ ៦៦,៩៣២ ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានទំហំផ្ទៃដី ៦៥,៣៨៩ ហិកតា ។
ឯកឧត្តមបន្តថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយនេះ គឺជួយឱ្យមានការងាយស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាពដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែនការគ្រប់គ្រង និងចំណេញថវិកា ។ ដែនជម្រកសត្វទាំងពីរនេះមានទីតាំងភូមិសាស្ត្រ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា ។
ឯកឧត្តមបន្តថា ដែនជម្រកសត្វព្រៃទាំងពីរ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ ហើយកន្លងទៅក៏បានទទួលការសិក្សា និងស្នើសុំបង្កើត «ព្រៃការពារ» តែមួយសម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ ។
ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួត ទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវជម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស ។ នៅក្នុងតំបន់នេះសំបូរទៅដោយសត្វស្លាបកម្រដូចជា សត្វត្មាត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម ។
តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ការដាក់បញ្ចូល ដែនជម្រកស ត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាលលិច ជាតំបន់ការពារធម្មជាតិតែមួយ ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន(ឃុំ ស្រុក និងខេត្ត) ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីធានាឱ្យមានការថែទាំសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វរុក្ខជាតិ និងជីវៈចម្រុះក៏ដូចជា ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍ មូលដ្ឋានក៏ដូចជា សាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស ៕