ខេត្តកណ្ដាល ៖ ជនបង្ក ជាអ្នកបើកបរបុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ កំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុងតាខ្មៅ បណ្តាលអោយបាក់ជើងទាំង២នោះ ត្រូវបានបងស្រីបង្កើត នាំមកប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង០៩និង៣០នាទី ព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ។
រហូតមកដល់វេលាថ្ងៃត្រង់នេះថា មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងធ្វើការសួរនាំអ្នកបើករថយន្តមានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់មានឈ្មោះ ទូច សៅហេង កំពុងធ្វើការវះកាត់ និងសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ។
គួររម្លឹកថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បន្ទាប់ពីបើកបំបុកមន្ត្រីនគរបាលពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រហើយ ជនបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 នៅក្បែរន្លែងកើតហេតុ ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily