(ភ្នំពេញ) អាជ្ញាធររឹបអូសបានផលិតផលក្លែងក្លាយចំនួន៨៨តោន នៅក្នុងរយៈពេល៣ខែ នៅរាជធានីភ្នំពេញ ។ លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថ្លែងថា មូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនូវផលិតផលក្លែងក្លាយ គឺដោយសារតម្រូវការនៃការប្រើប្រាស់មានការកើនឡើង ស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន។
មនុស្ស១០នាក់ ត្រូវបានចាប់បញ្ជូនទៅតុលាការ ទំនិញក្លែងក្លាយ និងខុសច្បាប់ជាង៨៨តោន រួមមាន សាច់ប៉ាត់តេ ទឹកសុទ្ធ និងស្រាបៀរ ត្រូវបានរឹបអូសពីក្រុមឈ្មួញនានាក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលបីខែនៃយុទ្ធនាការបង្រាបផលិតផលខុសច្បាប់និងក្លែងក្លាយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកាលពីថ្ងៃចន្ទ បានធ្វើសន្និសីទបង្ហាញពីផលិតផលក្លែងក្លាយចំនួន៨៨តោន ដែលរឹបអូសបានក្នុងរយៈពេល៣ខែ និងបានបញ្ជាក់ពីមូលហេតុនៃការកើនឡើងនៃផលិតផលក្លែងក្លាយថា ដោយសារកំណើនសេដ្ឋកិច្ច និងកំណើនតម្រូវការទីផ្សារ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការកើនឡើងនៃការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាបណ្តាលមកពីការខ្វះខាតការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរប៉ុណ្ណោះ។
លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងក្នុងសន្និសីទស្តីពីការបង្ហាញផលិតផលខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះថា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស១០នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ និងខុសច្បាប់ជិត៩០តោន នៅទីតាំងដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ទៀតថា លិតផលក្លែងក្លាយចំនួន៨៨តោននោះ ត្រូវបានដកហូតក្នុងទីតាំងផលិតសាច់ប៉ាត់តេមិនអនុលោមតាមច្បាប់ ការបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណីនាំចូល ផលិត និងវេចខ្ចប់ខុសច្បាប់លើផលិតផលស្រាបៀរ ទឹកបរិសុទ្ធ និងប៉ាត់តេ ជាដើម៕ប្រភព VOD