អភិបាលរាជធានីស្នើអោយអ្នកវិនិយោគឡាវ ធ្វើការវិនិយោគបន្ថែម លើវិស័យពាណិជ្ជកម្ម និង ទេសចរណ៍នៅកម្ពុជា

0
276

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើអោយអ្នកវិនិយោគឡាវ បន្តមកវិនិយោគលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីអោយប្រទេសទាំង២ មានការអភិវឌ្ឍរីកចំរើនដូចគ្នា ខណៈដែលប្រទេសទាំង២ មានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នានោះ ហើយទីក្រុងទាំងពីរ ធ្លាប់បានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមក។


ឯកឧត្តម ឃួង ស្រេង បានស្នើដូចនេះ នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជា មួយ ឯ.ឧ បណ្ឌិត ស៊ីនឡាវង់ ឃូតផៃធូ អភិបាលរដ្ឋធានីវៀងចន្ទន៍ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។


នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបថា ប្រទេស និងទីក្រុងទាំងពីរ គឺមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរឆ្នាំមកហើយ ជាមួយគ្នានេះ ទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ ក៏បានចុះអនុស្សរណៈយោគយល់គ្នា លើវិស័យមួយចំនួនផងដែរ ជាពិសេសលើការងារពាណិជ្ជកម្ម ឧស្សាហកម្ណិងទេសចរណ៍ ជាមួយគ្នា។ ឯកឧត្តមបញ្ជាក់ថា ទីក្រុងភ្នំពេញ និងវៀងចន្ទន៍ នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយបន្តទៀត។


ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានជម្រាប់ទៀតថា នៅរាជធានីភ្នំពេញ បញ្ហាសន្តិសុខ គឺមានភាពល្អប្រសើរ កំណើនប្រជាជនច្រើន វិស័យសេដ្ឋកិច្ច មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែបញ្ហាកកស្ទះចរាចរណ៍ ជាការងារអទិភាពកំពុងបន្តដោះស្រាយ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់។ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះ គឺគ្រោងរៀបចំផ្លូវភាគច្រើនអោយទៅជាផ្លូវឯកទិស។


ឯកឧត្តម ស៊ីនឡាវង់ ឃូតផៃធូ អភិបាលរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ បានថ្លែងថា កម្ពុជានិងឡាវគឺជាអ្នកជិតខាង ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា។ ទោះជាមានតិចតួចក្ដី ក៏ចំណងសេដ្ឋកិច្ចនៃប្រទេសទាំងពីរត្រូវបានតភ្ជាប់តាមរយៈ សកម្មភាព សេដ្ឋកិច្ច មួយចំនួនដូចជា ការដោះដូរពាណិជ្ជកម្ម និងលំហូរទេសចរណ៍។ ដោយសារ ឡាវ មិនមានផ្លូវសមុទ្របម្រើឲ្យការដឹកជញ្ជូនទំនិញប្រទេសនេះកំពុងព្យាយាមអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់ខ្លួននឹងសកម្មភាព ពាណិជ្ជកម្ម ក្នុងតំបន់តាមរយៈ ការភ្ជាប់ខ្លួនជាមួយប្រទេសជិតខាង។ យ៉ាងណាក៏ដោយទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចរវាងឡាវជាមួយកម្ពុជា មិនមានភាពខ្លាំងក្លាដូចទំនាក់ទំនងរវាងឡាវនិងវៀតណាម នោះទេ។


ជាមួយគ្នានោះ អភិបាលទីក្រុងវៀងច័ន្ទ ក៏បានអញ្ជើញអភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ។ ហើយអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏បានឯកភាពថា នឹងដឹកនាំប្រតិភូធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងរៀងចន្ទន៍ នៅក្នុងអំឡុងពេលមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here