កម្ពុជាអាចនឹងរកចំណូលបានពីវិស័យទេសចរណ៍មានចំនួនរហូតដល់ទៅរង្វង់៤ពាន់លានដុល្លារនៅឆ្នាំ២០១៨នេះ

0
404

តាមការព្យាកររបស់ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា រយៈពេល១ឆ្នាំពេញឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ចំនួន៦លាន២សែននាក់ ដោយធ្វើឲ្យកម្ពុជារកចំណូលបានពីវិស័យទេសចរណ៍មានចំនួនរហូតដល់ទៅរង្វង់៤ពាន់លានដុល្លារ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ក្នុងពិធីសម្ពោធភោជនីយដ្ឋានយីសាង សាខាទួលគោកថា ស្របគ្នានឹងកំណើនភ្ញៀវទេសចរ ចំនួនមូលដ្ឋានអាជីវកម្មដែលគាំទ្រវិស័យទេសចរណ៍ក៏មានការកើនឡើងច្រើននៅទូទាំងប្រទេសប្រទេសកម្ពុជា ដូចជាចំនួនភោជនីយដ្ឋានជាដើម។

លោក លូ ម៉េង ប្រធានសមាគមចុងភៅ និង ជាប្រធាន Almond គ្រុប លើកឡើងថា កម្ពុជាត្រូវការភោជនីយដ្ឋានស្តង់ដារ កាន់តែច្រើនឡើងដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យទេសចរណ៍របស់ខ្លួន។ ដូច្នេះហើយបានជានៅតំបន់ទេសចរណ៍សំខាន់នៅទូទាំងប្រទេសកម្ពុជា មានភោជនីយដ្ឋានបើកថ្មីៗជាបន្តបន្ទាប់។

សូមបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស។ ក្នុងនោះ តាមការព្យាករ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជានឹងកើនដល់ចំនួន៧លាននាក់នៅឆ្នាំ២០២០ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន៥ពាន់លានដុល្លារ ចំនួនភ្ញៀវនឹងកើនដល់១០លាននាក់នៅឆ្នាំ២០២៥ និងកើនដល់ចំនួន១៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ២លាននាក់៕​

LEAVE A REPLY

Please enter your comment!
Please enter your name here