ភ្នំពេញ: កម្ពុជាធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំមហាសន្តិបាតលើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលមានអភិបាលក្រុងចំនួន៤០៤ទីក្រុង មកពី៤១ប្រទេស លើកឡើងពី ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង»។
មហាសន្តិបាតលើកទី៣៩ របស់សមាគមនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រីយ៍សមាគមអន្តរជាតិនៃអភិបាលប្រើប្រាស់ភាសាបារាំង បានថ្លែងថា “មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងគឺជាព្រឹត្តការណ៍ ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF ដោយឡែកសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុងជាមួយសមាគមនិង ទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង”។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការគាំទ្រយន្តការស្ថាប័ន បានចូលរួមបង្កលក្ខណៈ និងផ្ដល់ឱកាសដល់អភិបាល នៃបណ្តាទីក្រុង និងសមាគមជាសមាជិកទាំងអស់ បានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានល្អ១ នៃការអភិវឌ្ឍទីក្រុងរបស់ប្រទេសនីមួយៗ ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីយ៉ាងណាមិញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញក្នុងរយៈពេល ៤០ឆ្នាំនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញ មានការវិវឌ្ឍចំនួន ០៥ ដំណាក់ កាលធំៗគឺ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី មូលហេតុសន្តិភាព, ទទួលយកការធ្វើមាតុភូមិនិវត្តន៍ និងប្រឆាំងការវិលត្រឡប់នូវរបបប្រល័យពូជសាសន៍។
ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី មូលហេតុរក្សាស្ថិរភាពនយោបាយ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងឡើងវិញ។ ឆ្នាំ២000 ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុសន្តិសុខផ្ទៃក្នុង បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣៖ ការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វហេតុពង្រឹងសន្តិសុខ-សណ្ដាប់ធ្នាប់សាធារណៈ, បន្តស្ដារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងនិងអភិវឌ្ឍន៍សហគមន៍ក្រីក្រ។ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃនេះ គឺការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វហេតុកំណែទម្រង់, អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងជាអនាគតទីក្រុងវៃឆ្លាត (Smart City)។
លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិនៃអភិបាលប្រើប្រាស់ភាសាបារាំង ថ្លែងថា “ការស្ថាបនាទីក្រុងឡើងវិញ តោងទាម ទារសមត្ថភាពរបស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជំនះនឹងផលប៉ះពាល់ដែលផុសចេញពីការប្រែប្រួលផ្លាស់ប្តូររបស់ទីក្រុង និស្ថានភាពតក់ស្លុតណាមួយ។ ប៉ុន្តែសមត្ថភាពធន់នឹងស្ថានការណ៍ទាំងនេះ មិនមែនជារបស់កើតឡើងឯកឯងទេ ពោលគឺ វាកកើតនិងធំធាត់ឡើង ដោយមានជំនួយពីគោលនយោបាយសាធារណៈ ពីកម្មវិធីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឬសកម្មភាពមហាជនជាដើម ។
គំនិតផ្តួចផ្តើមទាំងនោះ នាំឱ្យអាចបន្ថយបាននូវការបាក់បែកក្នុងសង្គម និងឆ្លើយតបចំៗ ទៅនឹងការរង់ចាំរបស់ប្រជាជន ដែលទន់ខ្សោយបំផុត។ ការដាក់ឱ្យមានការអភិវឌ្ឍទីក្រុងមួយប្រកបដោយសមធម៌ ដោយមានការចូលរួមពីប្រជាជនគឺជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ធានាឱ្យមានការស្ថាបនាទីក្រុងឡើងវិញប្រកបដោយចីរភាព៕