សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ២០១៨ ខាងមុខនេះ។ ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងជួបសំណេះសំណាលជាមួយកម្មករ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ នៅក្នុងខេត្តកំពង់ស្ពឺ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានចូលគាល់ព្រះមហាក្សត្រដើម្បីសុំកែប្រែកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ដែលពីមុន គ្រោងទុកការកោះប្រជុំសភាដំបូងនៅថ្ងៃទី១៩ ខែកញ្ញា ហើយព្រឹកថ្ងៃទី២០ ខែកញ្ញា នឹងបង្កើតរាជរដ្ឋាភិបាលថ្មី និងព្រឹកថ្ងៃទី២១ ខែកញ្ញា គណៈរដ្ឋមន្រ្តីប្រជុំលើកដំបូង។
ទន្ទឹមនឹងនោះ ក្រោយការពិគ្រោះយោបល់ពី គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ សភានឹងកោះប្រជុំលើកដំបូងក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៥ កញ្ញា ២០១៨ ហើយនៅល្ងាចថ្ងៃទី៥ កញ្ញា គឺសភានឹងចូលស្បថកាន់តំណែង។ នៅថ្ងៃទី៦ ខែកញ្ញា ២០១៨ នឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលថ្មី ហើយនៅល្ងាចថ្ងៃទី៦ ខែកញ្ញា នឹងស្បថចូលកាន់តំណែង។ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ២០១៨ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន៕ ប្រភពខ្លីខ្លី ដោយ វុន សុខជា