(ភ្នំពេញ)៖ យោងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើប្រហុក ផ្អក ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេ
សាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។
ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះ ធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ -ល-។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិរនេះ ឲ្យបានរួសរាន់ តាមពេលវេលា។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំ ឲ្យមានការរាំងស្ទះតាមការគួរ៕
ប្រភព៖ Heng Ly
កែសម្រួលដោយ៖ NCN Daily