ប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមា បានរាយការណ៍ថា ប្រជាពលរដ្ឋចំនួនជិត ១៥០,០០០ នាក់ត្រូវបានគេជន្លៀសទៅក្នុងជំរំចំនួន ៣២៧ ខណៈពលរដ្ឋភូមាប្រមាណ ២៨,០០០ នាក់ផ្សេងទៀត កំពុងតែជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់លិចដោយទឹកជំនន់។ មនុស្សរាប់ពាន់នាក់ ដែលជាប់នៅក្នុងផ្ទះទាំងនោះ កំពុងតែរង់ចាំទូកសង្គ្រោះ អាហារនិងគ្រឿងសម្ភារៈផ្គត់ផ្គង់ផ្សេងៗពីភ្នាក់ងារសង្គ្រោះ។
ទឹកភ្លៀងរដូវវស្សាកំពុងធ្លាក់យ៉ាងខ្លាំង នៅតំបន់ទន្លេមេគង្គនាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសភូមា។ ទឹកភ្លៀងដ៏ច្រើនហួសប្រមាណនេះ បាននិងកំពុងបង្កជាទឹកជំនន់យ៉ាងគំហុក និងបានសម្លាប់ប្រជាពលរដ្ឋភូមារាប់សិបនាក់ ហើយបានបង្ខំឱ្យមនុស្សប្រមាណ ១៥០,០០០ នាក់ រត់ភៀសខ្លួនទៅរកកន្លែងមានសុវត្តិភាព។
មួយវិញទៀត មានពលរដ្ឋរងគ្រោះដោយទឹកជំនន់ខ្លះ បានស្វះស្វែងដើរឆ្លងកាត់ទឹកជ្រៅដល់ត្រឹមចង្កេះ ដើម្បីទទួលបានការបរិច្ចាគនានា ខណៈដែលអ្នកផ្សេងទៀតកំពុងចែវទូកធ្វើពីឫស្សី ឬសំបកកំប៉ុងឆ្លងកាត់ទឹក ដែលកំពុងជន់លិចភូមិឋានរបស់ពួកគេ។
ឆ្លើយតបនឹងបញ្ហាទឹកជំនន់ដែលបន្តមាននេះដែរ រដ្ឋាភិបាលភូមា នៅតែបន្តចំណាត់ការជម្លៀសប្រជាជននៅតំបន់រងគ្រោះខ្លាំង ដោយសារការហៀរទឹកយ៉ាងច្រើន ចេញពីទំនប់និងអាងស្តុក ដូចជានៅ តំបន់បាហ្គោ និងតានីនថារី ជាដើម។
បុរសរងគ្រោះភូមាម្នាក់ទៀតរ័យ៤៣ ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌បារំាង AFP ថាប្រជាពលរដ្ឋព្រួយបារម្ភខ្លាំងខ្លាចបាក់ទំនប់ ហើយនៅពេលដែលអាជ្ញាធរប្រកាសអាសន្នប្រាប់ពីបញ្ហាទឹកជំនន់ មនុស្សម្នានាំគ្នាភ័យស្លន់ស្លោ មិនដឹងត្រូវរត់ទៅទីណានោះទេ ហើយក្មេងៗព្រមទាំងមនុស្សចាស់ក៏ស្រែកយំ។
តាមពិតទៅ ការធ្លាក់ភ្លៀងខ្លាំងបានថយចុះហើយ នៅតាមតំបន់ទំនាបភាគអាគ្នេយ៍ ក្នុងប្រទេសភូមា ប៉ុន្តែគេព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ច្រើនទៀត នាប៉ុន្មានសប្តាហ៍ខាងមុខ ដោយហេតុថារដូវវស្សាទើបតែឈានមកដល់។ ក្រៅពីវាយប្រហារទៅលើប្រទេសភូមា គួរកត់សម្គាល់ផងដែរថា ទឹកជំនន់ ក៏កំពុងវាយលុកខ្លាំងទៅលើប្រទេសជិតខាងរបស់ភូមា មានដូចជា ប្រទេសថៃ ឡាវ និងវៀតណាមផងដែរ៕