លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក អេដវើដ វៀលសុន (Edward Wilson) ចៅហ្វាយក្រុងស៊ីកនីលហីល (Signal Hill) រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា នាពេលនេះបើទោះបីមិនមែនជាផ្លូវការក៍ដោយ តែនេះក៍ជាការបង្ហាញអំពីទំនាក់ទំនងដ៍ល្អមួយ រវាង ប្រជាតិទាំង២ ពិសេស ស្របពេល ដែលប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតសកល តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនាពេលកន្លងមកនេះ ។
លោកជំទាវ ក៍បានជំរាបជូនលោក អេដវើដ វៀលសុន អំពីស្ថានការណ៍នយោបាយកម្ពុជាមានសភាពល្អប្រសើរ លើគ្រប់ទិដ្ឋភាពរួមមាន ៖ នយោបាយ សង្គម សេដ្ឋកិច្ច ដំណើរការប្រព្រឹត្តទៅនៃការដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិបានប្រព្រឹត្តទៅដោយរលូនជាធម្មតា ស្របតាមឆន្ទះ ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបំណងប្រាថ្នារបស់ប្រជាជន។
ហើយការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ បានបង្ហាញថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដែលការបោះឆ្នោតបានដំណើរការទៅយ៉ាងរលូន ដោយមានចំនួនប្រជាពលរដ្ឋបានបោះឆ្នោតមានរហូតដល់ទៅ ៦.៣៤៩.៣៨៩នាក់ ស្មើនឹង ៨២.៨៩% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧នាក់ ខណៈឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតមានចំនួនត្រឹមតែ ៦៩,៦១ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែប៉ុណ្ណោះ ។
លោក អេដវើដ វៀលសុន ក៍បានជម្រាបជូនលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនថា នៅក្នុងឱកាសដែលរូបលោកស្នាក់នៅកម្ពុជាគឺបានទៅទស្សនកិច្ចនៅតាមបណ្តាខេត្តជាច្រើនហើយប្រជាជនកម្ពុជាមានការរស់រាយរាក់ទាក់ចំពោះភ្ញៀវ ជាមួយគ្នានេះលោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។ទាក់ទងទៅនឹងការបោះឆ្នោតលោក
អេដវើដ វៀលសុន បានជម្រាបជូនលោកជំទាវម៉ែនសំអនថា រូបលោកបានឃើញប្រជាពលរដ្ឋ
កម្ពុជាច្រើនលើសលប់ ដែលអាចនិយាយបានថា មានចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួននៅលើសកលលោក បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនស្រលាញ់ពេញចិត្តនិងជឿជាក់ក្នុងការដឹកនាំប្រទេស។
នៅក្នុងឳកាសនោះដែរលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនបានស្នើអោយលោក អេដវើដ វៀលសុន ជួយពាំនាំការពិតពីព្រះរាជាណាចក្រកម្ពុជាទៅជម្រាបជូនដល់ប្រជាពលរដ្ឋដែលរូបលោករស់នៅផងដែរ៕ដោយ វុន សុខជា
សូមទស្សនារូបភាពខាងក្រោម៖
រូបប្រភពហ្វេកប៊ុក