សម្តេចក្រឡាហោមបញ្ជាក់តាមទំព័រហ្វេសបុកថា៖ សូមកុំលាបពណ៌គ្នា រឿងបោះឆ្នោតឬមិនបោះ

0
414

(ភ្នំពេញ) សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់តាមទំព័រហ្វេសបុក នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨នេះថា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ នេះបានបង្ហាញដល់ពិភពលោកឲ្យឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង គណបក្ស នយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ។

សម្តេចក្រឡាហោម ស ខេង បានរៀបរាប់បន្តទៀតថា ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋច្រើនជាង៨២ភារយនៃអ្នកមានឈ្មោះបោះឆ្នោត នាពេលកន្លងទៅនេះក៏បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ និង បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តមកពីគណបក្សនយោបាយនានាដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ ។

ក្នុងន័យខាងលើនេះ សម្តេចក្រឡាហោម ស ខេង បានធ្វើការអំពាវនាវដល់ជនរួមជាតិខ្មែរក្នុងខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងបរិបទនេះដើម្បីបន្ត និង ពង្រឹង ដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ការ បង្រួបបង្រួម និង ឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬ លាបពណ៌ គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និង អ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យ នេះគឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល »។

សូមរំលឹកថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាល ទី៦ បានបញ្ចប់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នោះ សម្តេចក្រឡាហោម ស ខេង បាន បានបញ្ជាក់ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដោយថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ជាពិសេសម្តេចក្រឡាហោម បានអះអាងថា ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ៕ប្រភពCNC

LEAVE A REPLY

Please enter your comment!
Please enter your name here