អ្នកធ្វើដំណើរពេលយប់គប្បីប្រុងប្រយ័ត្នផង ព្រោះនៅវេលាម៉ោង ២ យប់ ឈានចូលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៤២ នៅត្រង់ចំណុចមុខផ្សារទំនើបអ៊ីជៀ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានចោរ ១ ក្រុម បានបើករថយន្តកៀរ Pass App រួចទាញដាវសាមូ៉រ៉ៃ ប្លន់នារីម្នាក់យកកាបូបលុយ និង ទ្រព្យសម្បត្តិទៅបាត់ ដោយសុវត្ថិភាព ។
អ្នកបើករ៉ឺម៉កកង់បី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសជនជាតិចិនម្នាក់ និង នារីជាភេទទី ៣ ជនជាតិវៀតណាមម្នាក់ ចេញពីណាហ្គា២ ឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ខ្មៅ គ្មានស្លាកលេខ បានបើកកៀររ៉ឺម៉កកង់បីរបស់គាត់ឱ្យឈប់ ។
ពេលនោះមានបុរសបីនាក់មានមាឌធំ បានចុះពីរថយន្ត និង មានពាក់ស្រោមមុខពណ៌ខ្មៅជិតមុខ ដៃកាន់កាំបិតមកភ្ជង់ជនរងគ្រោះជានារីភេទទី៣ យកកាបូប ភ្លាមៗនោះជនជាតិចិន ដែលរួមដំណើរជាមួយបានស្ទុះ ទៅចាប់កាបូបពីជនសង្ស័យ ក៏ត្រូវជនសង្ស័យខាងលើចាក់មួយកាំបិតត្រូវដៃបណ្ដាលឱ្យរងរបួសធ្លាក់ពីរ៉ឺម៉កកង់បីប្រតាយប្រតប់គ្នា ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះ គាត់បានបើករ៉ឺម៉កកង់បីគេចចេញពីកន្លែងកើតហេតុ ដើម្បីទៅសុំអន្តរាគមន៍ ពីសមត្ថកិច្ចតែជនសង្ស័យទាំងបីខាងលើ រត់ឡើងជិះរថយន្ដ បើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។
នារីរងគ្រោះបានប្រាប់ថា សម្ភារក្នុងកាបូបរបស់នាង ដែលបាត់បង់មានលុយចំនួន ៤០០ ដុល្លារ ទូរស័ព្ទមួយគ្រឿង និង លិខិតឆ្លងដែនមួយ រួមទាំងសម្ភារៈមួយចំនួនទៀត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
សូមមើលវីដេអូខាងក្រោម៖