ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់

0
264

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធការកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះនៅចំណុចផ្លូវកាស៊ីណូជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចខាងលើ ក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរឲ្យសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី០១ដើម ព្រមទាំងសម្ភារវត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យ យកមកការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលតែម្តង។

ជនសង្ស័យទាំង០២នាក់ ទី១៖ឈ្មោះ HE XIAOPING អាយុ៤៣ឆ្នាំ លិខិតឆ្លងដែនលេខ EH0851963 មានស្រុកកំណើត ក្រុង ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងទី២៖ឈ្មោះ SUN PENG អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុសលេខចោល), បង់កាំភ្លើង០១, គ្រាប់កាំភ្លើង០៥គ្រាប់, កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ), មួកចំនួន០២, ម៉ាស់០៤ និងលិខិតឆ្លងដែន០២ក្បាល។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

ប្រភព៖ KPS BreakingNews
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here