សមាជិកព្រឹទ្ធសភារបស់ អាមេរិក-អឺរ៉ុប ចំនួន៣៤នាក់ នឹងមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦

0
390

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចំនួន​០៤​នាក់ និង​សមាជិក​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប ចំនួន​៣០​នាក់ នឹង​មក​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ នេះបើតាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​សាល​សន្និសីទ ​គ.ជ.ប។

ឯកឧត្តម​បាន​ឱ្យដឹងថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទាំង​០៤​រូប នឹងមក​ដល់​កម្ពុជា​នៅថ្ងៃទី​២៨ ខែ​កក្កដា រួមមាន៖ លោក Doug Ericksen ​សមាជិក​ព្រឹទ្ធសភា​នៃរដ្ឋ Washington State, លោក Vincent Buys, លោក Brandon Vick និង​លោក Drew MacCewen ដែល​អ្នក​ទាំង៣ គឺជា​សមាជិក​សភា​តំណាងរាស្ត្រ​នៃ​រដ្ឋ Washington State។

ឯកឧត្តម​ ហង្ស ពុទ្ធា លើកឡើង​ថា ព្រឹទ្ធ​សមាជិក Doug Ericksen និង​សមាជិក​សភា​អាមេរិក​មួយ​ចំនួន ធ្លាប់បាន​អញ្ជើញ​មក​កម្ពុជា​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ដំណើរ​ទស្សនកិច្ច​បង្កើន​មិត្តភាព​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​រដ្ឋ​វ៉ាស៊ីងតោន។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Doug Ericksen បានថ្លែង​ថា លោក​ចង់ឃើញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ត្រូវបាន​ពង្រឹង និង​ចំណង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង២ កាន់តែ​ខ្លាំងក្លា។

មន្រ្តី គ.ជ.ប រូបនេះ​​បាន​បន្ថែម​ថា ក្រៅពី​សមាជិក​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប ចំនួន​៣០​នាក់ ក៏មាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​ទេសចរណ៍ ពាណិជ្ជកម្ម ​ចំនួន ០៩​នាក់ និង​ក្រុម​ប្រឹក្សា​អឺរ៉ុប​សម្រាប់​ការ​ទំនាក់​ទំនង​អន្តរជាតិ ចំនួន ០៥នាក់​ទៀត នឹង​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ផងដែរ។

ឯកឧត្តមបាន​បញ្ជាក់ទៀត​ថា ភ្ញៀវដែល​នឹង​អញ្ជើញ​មក​ចូលរួម​ទាំងនោះ គឺតាម​រយៈ​សេចក្តីស្នើសុំ របស់​ក្រសួង​ការបរទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here