គណបក្សនយោបាយចំនួន០៦ បានធ្វើការហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ខែកក្កដា ដែលជាថ្ងៃបញ្ចប់នៃយុទ្ធនាការ ឃោសនា ដោយមានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ (៣២១.៨៨០នាក់) និងមានរថ យន្តចំនួន៣.៦៧០គ្រឿង ម៉ូតូកង់បីជិត១ពាន់គ្រឿង និងម៉ូតូជាង៨ពាន់គ្រឿង។ នេះបើយោង តាមរបាយការណ៍របស់ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បាន បង្ហាញឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត គឺនៅរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន០៦ ហែក្បួនឃោសនា ក្នុងនោះមានដូចជា ៖
១. គណបក្សប្រជាជនកម្ពុជា ហែក្បួនចេញពីកោះពេជ្រ និងបញ្ចប់នៅកោះពេជ្រ ដោយមានអ្នកចូលរួមចំនួន២៥០.០០០នាក់ មានរថយន្តចំនួន៣.០០០គ្រឿង និងម៉ូតូមានចំនួន ៥៨.០០០គ្រឿង។
២. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីតាំងទី១. ហែក្បួនចេញពីផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងបញ្ចប់នៅផ្លូវលីយ៉ុងផាត់។ ទីតាំងទី២. ហែក្បួនផ្លូវលីយ៉ុងផាត់ និងបញ្ចប់នៅទីស្នាក់ការគណបក្សនៅលើផ្លូវ៣១៥។ ដោយមានអ្នកចូលរួមចំនួន៥០.០០០នាក់ រថយន្តមានចំនួន ៥០០គ្រឿង ម៉ូតូកង់បីចំនួន៨០០គ្រឿង និងម៉ូតូចំនួន២០.០០០គ្រឿង។ ៣. គណបក្សសញ្ជាតិកម្ពុជា ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ បញ្ចប់នៅវត្តសំពៅមាស ជិតពហុកីឡាដ្ឋានជាតិអូរឡាំពិក ដោយមានអ្នកចូលរួមចំនួន ២០.០០០នាក់ រថយន្តចំនួន ១០០គ្រឿង ម៉ូតូកង់បីចំនួន ១០០គ្រឿង និងម៉ូតូចំនួន ៥.០០០គ្រឿង។ ៤. គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចេញពីទីស្នាក់ការកណ្តាលគណបក្ស នៅសង្កាត់ជ្រោយចង្វារ (មាត់ទន្លេត្រើយខាងកើត) បញ្ចប់នៅទីវាលការីឡាចុងខាងត្បូងសូនវត្តបទុមវតី ដោយមានអ្នក ១.៥០០នាក់ មានរថយយន្តតូច ៣០គ្រឿង រថយន្តកូរ៉េ ២០គ្រឿង ម៉ូតូកងបីចំនួន ២០គ្រឿង និងម៉ូតូចំនួន៥០០គ្រឿង។ ៥. គណបក្សខ្មែរក្រោក ហែក្បួនចេញពីរង្វង់មូលកាំកូស៊ីធី សម្រាកទទួលទានថ្ងៃត្រង់ផ្លូវលីយ៉ុងផាត់ បញ្ចប់នៅផ្លូវវ៉េងស្រេង ដោយមានអ្នកចូលរួមចំនួន ៣៨០នាក់ រថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន៣០គ្រឿង និងម៉ូតូ៨០គ្រឿង និង ៦. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនចេញពីទីស្នាក់ការ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បញ្ចប់នៅទីស្នាក់ការ ដោយមានអ្នកចូលរួមចំនួន១០០នាក់ រថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន ៥០គ្រឿង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាបានមានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនមែនចេញមុខតែក្នុងពេលឃោសនាបោះឆ្នោតនោះឡើយ គឺ បានខិតខំធ្វើនិងកសាងនូវសមិទ្ឋផលជាតិជាច្រើនជារៀងរាល់ថ្ងៃ។ សម្តេចតេជោ អះអាងដូចនេះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែជិតចូលមកដល់។ សម្តេចបានរម្លឹកថា គណបក្សប្រជាជនកម្ពុជាលេខ២០ គឺជាទីសង្ឃឹម និងទុកចិត្តបំផុត របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។ សម្តេចបានលើកឡើងថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតប្រាកដរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនមែនចេញមុខតែក្នុងពេលឃោសនាបោះឆ្នោតឡើយ គឺបានខិតខំធ្វើ និងកសាងនូវសមិទ្ឋផលជាតិជាច្រើនជារៀងរាល់ថ្ងៃ ដូច្នេះសម្តេចក៏បានសន្យានិងប្តេជ្ញាជំរុញការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ និងថែរក្សាការពារសុខសន្តិភាពអោយខាន់តែបានស្របតាមបំណងប្រាថ្នារបស់ជនរួមជាតិគ្រប់ៗរូប។ ជាចុងក្រោយសម្តេចក៏សូមអរគុណ ជនរួមជាតិទូទាំងប្រទេសដែលនឹងបន្តបោះឆ្នោតគាំទ្ររូបសម្តេចនិងគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕