ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការវិនិយោគ លើវិស័យពាណិជ្ជកម្ម និងការរីកចំរើននៅកម្ពុជាគឺមកពីកត្តាសុខសន្តិភាព

0
550

ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមានតម្លៃវិនិយោគសរុប៣០០លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋាន។ នៅក្នុងពិធីសម្ពោធនៅតាមបណ្តយផ្លូវព្រះនរោត្តមក្នុងសង្កាត់បឹងកេងកងនេះ

លោកឧកញ៉ាលាងឃុនអគ្គនាយកក្រុមហ៊ុនជីបម៉ុងបានមានប្រសាសន៍ថាការដាក់ទុនវិយោគទៅលើផ្សារទំនើបនេះផ្សារទំនើបនេះ ផ្តោតសំខាន់លើការបញ្ចូល និងបន្ស៉ីគ្នារវាងសំណង់បែបទំនើប និងធម្មជាតិ ដើម្បីធានាថាអតិថិជន ដែលមកកាន់ផ្សារទំនើបនេះ មានអារម្មណ៍ស្រស់ស្រាយ ទទួលបាននូវភាពរីករាយ។ ក្រុមហ៊ុនបានផ្ចិតផ្ចង់ធ្វើយ៉ាងណាសោភ័ណភាព របស់ផ្សារទំនើបមួយនេះ ស័ក្តិសមជាផ្សារទំនើប ដែលស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផងដែរ ដែលអគារពាណិជ្ជកម្មមួយនេះ មិនត្រឹមតែចូលរួមលើកសម្រស់រាជធានីភ្នំពេញមួយកម្រិតប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋជាច្រើន តាំងពីកំពុងសាងសង់ រហូតដល់សង់រួច។

លោកឧកញ៉ាបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន ៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។

ឯ.ឧ ឃួង ស្រេង បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងកោតសរសើរដល់ក្រុមហ៊ុនក្នុងស្រុកមួយនេះ ដែលតែងតែធ្វើការវិនិយោគជាច្រើនសន្ធឹកសន្ធាប់ ហើយជាច្រើនកន្លែងដែលឯ.ឧចាត់ទុកថាសកម្មភាពនេះ គឺជាការលើកទឹកចិត្តមួយ ដល់រាជរដ្ឋាភិបាល ដែលជាដៃគូមួយយ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯ.ឧឃួង ស្រេង ក្នុងឱកាសនោះបានស្នើឲ្យអ្នកវិនិយោគ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ចូលមកដាក់ទុនវិនិយោគនៅរាជធានីភ្នំពេញក៏ដូចក្នុងប្រទេសកម្ពុជាទាំងមូលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here